ខេត្តរតនគីរី៖ ស្រ្តីម្នាក់បាត់ខ្លួនមួយថ្ងៃមួយយប់ ស្រាប់តែប្តីប្រទះឃើញ សាកសពលង់ទឹកស្រះ ស្លាប់ដោយមិនដឹងមូលហេតុ នៅពេលខ្លួនដាក់មងយកត្រី ។
ហេតុការណ៍នេះបានបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១៤.០០នាទី ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិ ឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
ប្រភពពីនគរបាលជំនាញចុះពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ឈ្មោះ សុខ កាភា ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិទំពួន រស់នៅបណ្តោះអាសន្ន ក្នុងចំការចន្ទី ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ហើយមានប្តីឈ្មោះ ងួន ភឿន អាយុ៤០ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើជាមួយគ្នា ។
ប្រភពបន្តថា ករណីនេះកម្លាំងជំនាញអធិការស្រុកអូរយ៉ាដាវ បានចុះដល់កន្លែងកើតហេតុ ពិនិត្យលើខ្លួនសាកសព ពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន ។
សមត្ថកិច្ចជំនាញថា តាមចម្លើយរបស់ប្តីជនរងគ្រោះបានប្រាប់ថា មុនថ្ងៃកើតហេតុ គាត់បានទិញមងប្រវែង២០ម៉ែត្រ តំលៃ២០,០០០៛ យកមករាយក្នុងស្រេះទឹកនោះ ដើម្បីយកត្រីមកធ្វើម្ហូប ។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧,០០នាទី គាត់ជាប្តី ក៏បានរវល់ទៅយកអាគុយ ដែលដាក់សាកភ្លើងនៅភូមិឡុំ លុះត្រឡប់មកវិញ មិនឃើញប្រពន្ធនៅក្នុងរោងចាំចំការនោះទេ ខ្លួនបានដើរកសួរគេ ក៏មិនឃើញ ហើយមកដល់ថ្ងៃកើតហេតុ គាត់បានដើររើសចន្ទី ដល់ម៉ោង០៩,០០នាទី ក៏ដើរទៅមើល មង ទាញមងស្រាប់តែឃើញសពប្រពន្ធនោះអណ្តែតឡើង ។ គាត់ក៏ស្រង់ឡើងមកលើគោក ខណៈនោះគាត់ជាប្តី និងជនរងគ្រោះពុំមានបងប្អូនបង្កើត និងសាច់ញាតិនោះទេ ។
ជនរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចថា ក្នុងពេលកើតហេតុភ្លាមៗក៏បានទូរសព្ទ័ហៅបងប្អូនធម៌ ដែលនៅជិតគ្នាឲ្យមកជួយ និងក៏បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃភ្លាមៗផងដែរ ។
ក្រោយពីកម្លាំងនគរបាលជំនាញ ពិនិត្យទៅលើសពស្ត្រីរងគ្រោះរួចក៏បានប្រគលទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត