ខេត្តរតនគីរី៖ បុរសម្នាក់ចូលទៅអារឈើក្នុងព្រៃ ត្រូវមែកឈើបាក់ធ្លាក់ វាយចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ វេលាម៉ោង១២.០០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភ្នំទីនណាង ភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ។ ជនរងគ្រោះឈ្មោះ ភុយ ទូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅ បច្ចុប្បន្នភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះទៅអារឈើគ្រឿងផ្ទះនៅចំណុចកើតហេតុខាងលើ ពេលកំពុងអង្គុយ ស្រាប់តែមែកឈើបាក់ធ្លាក់ពីលើ ចំក្បាលស្លាប់ភ្លាមៗតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើតាមប្រភពបានឲ្យដឹងថា បុរសរងគ្រោះត្រូវមែកឈើបាក់ធ្លាក់ចំក្បាលស្លាប់ខាងលើនោះ និងបក្ខពួកជាច្រើនទៀត តែងតែនាំគ្នាចូលព្រៃអារឈើញឹកញាប់ ឲ្យក្រុមឈ្មួញរកស៊ីជំនួញឈើក្នុងស្រុក តែអកុសល ក៏ត្រូវមែកឈើ បាក់ធ្លាក់សង្កត់ស្លាប់គួរឲ្យអាសូរតែម្តង ៕ ជីវន្ត័