ភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីស្ត្រីរងគ្រោះដែលជាម្ចាស់ផ្ទះជួលទៅពឹងអោយស្ត្រីសង្ស័យកោសខ្យល់ ស្រាប់តែស្ត្រីសង្ស័យដែលជួលបន្ទប់ស្នាក់នៅប្រើល្បិចយកកន្ត្រៃកាត់ក្រចកលួចកាត់យកខ្សែកមាសស្ត្រីរងគ្រោះអស់៤ជីកន្លៈ កាលពីវេលាម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ នៅចំនុចផ្លូវ៣៧១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ឹង ហៀក ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ស្ទួន ស្ថិតនៅ ភូមិ ឃុំ កើតហេតុខាងលើ។
ជនសង្ស័យឈ្មោះចាន់ មុំាង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានទៅបន្ទប់ជួលរបស់ស្ត្រីសង្ស័យ ដើម្បីពឹងឲ្យកោសខ្យល់ ពេលទៅដល់ស្ត្រីរងគ្រោះ ក៏ដោះខ្សែក មាស ០១ខ្សែ ទម្ងន់១តម្លឹងផ្ញើទុកនៅជនសង្ស័យ រួចដេកផ្កាប់មុខ ឲ្យជនសង្ស័យកោសខ្យល់ ពេលជនរងគ្រោះភ្លេចខ្លួនជនសង្ស័យ ក៏យកកន្ត្រៃកាត់ក្រចកលួចកាត់ខ្សែក មាស ជនរងគ្រោះបានទម្ងន់១ជី ៥ហ៊ុន រួចប្រើល្បិចនិយាយប្រាប់ជនរងគ្រោះថា ខ្សែកមាស លោកយាយដាច់ហើយ ។ ដោយមិនអស់ចិត្តជនរងគ្រោះក៏យកខ្សែក មាសមក ពិនិត្យមើលឃើញមានស្នាម កន្រ្តៃកាត់ រួចថ្លឹងមើល ឃើញបាត់ទម្ងន់ដូចខាងលើ ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចចុះ ទៅឃាត់ខ្លួនជនសង្ស័យ។
បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យរកឃើញខ្សែក មាស មួយកំណាត់ទម្ងន់ ៤ហ៊ុន និងកន្រ្តៃកាត់ក្រចកមួយ រួចក៏បញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ សណ្តោស