ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ មានជំងឺបេះដូងរើឡើង បណ្ដាលឲ្យគាំងស្លាប់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានស្រ្តីវ័យ៦៤ឆ្នាំម្នាក់ បានដាច់ខ្យល់ស្លាប់នៅលើគ្រែ ក្នុងផ្សារក្រមួន ខណៈដែលគាត់មានអាការ:មិនស្រួលខ្លួន ហើយជំងឺបេះដូងរើឡើង បានដើរសំដៅទៅមន្ទីរពេទ្យនៅក្បែរនោះដើម្បីជួយសង្គ្រោះ តែមិនទាន់ដល់ពេទ្យផងក៏ស្លាប់បាត់ ។

ករណីនេះ បានកើឡើងកាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅលើគ្រែចិញ្ចើមផ្លូវផ្សារក្រមួន រំលងផ្លូវម្ខាងនៃផ្ទះពេទ្យ ក្នុងសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ស្ត្រីខាងលើឈ្មោះ យ៉ែម​ ឡាប​ អាយុ៦៤​ឆ្នាំ​ មុខរបរកោសខ្យល់ និងចាប់សសៃ មានទីលំនៅភូមិឃ្លាំងមឿងជើង​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្ដាល​មានកូនស្រីម្នាក់ ឈ្មោះ វី​ សំណាង អាយុ៤១ឆ្នាំ ជាកសិកររស់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីស្ត្រីវ័យ៦១ឆ្នាំ​ឈ្មោះ សេង ហ៊ន ដែលជួនជនរងគ្រោះមកពេទ្យ ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការ:មិនស្រួលខ្លួន ហើយគាត់ស្រែកថា ស្ទះហើយស្ទះហើយ រួចជនរងគ្រោះ ក៏កោសខ្យល់ដោយខ្លួនឯង នៅតែមិនស្រួលទៀត ទើបជនរងគ្រោះបបួលអុំស្រី ឲ្យជូនមកពេទ្យ ខណ:នាំគ្នាដើរមកជិតដល់ពេទ្យហើយ មើលទៅមិនទាន់ឃើញបើកទ្វារផង ជនរងគ្រោះក៏ប្រាស់ដេកនៅលើគ្រែ ក្នុងផ្សារក្រមួនដោយស្រែកថា អួយៗប្រមាណ១០នាទី ក៏បាត់មាត់ស្ងាត់ឈឹង ខណ:អុំស្រីដែលរួមដំណើរជាមួយកំពុងទៅហៅពេទ្យ ទើបដឹងថា ជនរងគ្រោះមេស្លាប់បាត់ហើយ។

តាមការឲ្យដឹងពីកូនស្រីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ម្តាយរបស់គាត់ មានឈឺជំងឺបេះដូងអស់រយ:ពេល៤ឆ្នាំហើយ។ តាមការពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំងបេះដូង រួចបានប្រគល់សពឲ្យកូនស្រី យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕អារុណរះ


ចែករំលែក៖