ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ នៅក្នុងស្រុក២ជាប់ ព្រំដែន កម្ពុជា-ថៃ នៅខេត្តបាត់ដំបង ប្រឈមដាច់ទឹកប្រើប្រាស់ និងយុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងស្រុក២ជាប់ព្រំដែនកម្ពុជា-ថៃ គឺស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង សេចក្តីរាយការណ៍ឲ្យដឹងថា បាន និងកំពុងប្រឈមដាច់ទឹកប្រើប្រាស់ខណៈដែលប្រភពផ្គត់ផ្គង់ទឹកបានរងការរីងស្ងួតដោយគ្រោះរាំងស្ងួតក្តៅហួតហែង ។ យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋដាច់ទឹកប្រើប្រាស់ក៏បានចាប់ផ្តើមនោះហើយ ។ ធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី៩ខែមីនា ចុងសប្តាហ៍កន្លងទៅថ្មីៗនេះក្រោមការជួយដោះស្រាយអន្តរាគមន៍ប្រើប្រាស់រថយន្តទឹកនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងរថយន្តទឹកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ប្រជាពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ស្ថិតនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន និងប្រជាពលរដ្ឋនៅភូមិតំណាក់ផេង ឃុំបួរ ស្រុកភ្នំ ព្រឹក ។

​សេចក្តីរាយការណ៍ពីកម្លាំងនគរបាលដែលជួយអន្តរាគមន៍ចែកទឹកជូនប្រជាពលរដ្ឋឲ្យដឹងថា ប្រជាពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ពួកគាត់នៅឆ្ងាយពីប្រភពទឹក ។ កន្លងមកពួគគាត់ពឹងផ្អែកប្រើប្រាស់ ទឹកស្រះ និងទឹកភ្លៀង នៅពេលដែលគ្មានភ្លៀងធ្លាក់ និងទឹកស្រះរងការរីងស្ងួតក៏ជួបប្រទះខ្វះទឹកប្រើប្រាស់ ។

​អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ្ត នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រាប់ឲ្យដឹងថា ស្រុកភ្នំព្រឹកមានប្រមាណ៣ភូមិ កំពុងប្រឈមដាច់ទឹក ប្រើប្រាស់ អាជ្ញាធរស្រុក ក៏ដូចជាកម្លាំងសមត្ថកិច្ចកំពុងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋនោះហើយ ។

​សូមបញ្ជាក់ថា បើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញឲ្យដឹងថានៅដើមឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងពីឥទ្ធិពលបាតុភូតអែលនីញ៉ូ ។ បាតុភូតនេះបានបង្កឲ្យអាកាសធាតុ មានសភាពក្តៅហួតហែងពិសេសក្នុងខែមេសា និងខែឧសភា ៕ សំ វិច្ឆិកា


ចែករំលែក៖