ប៉ោយប៉ែត៖ សាកសពអណ្ដែតទឹកដែលកម្លាំងសន្តិសុខកាស៊ីណូ ប្រទះឃើញបង្កការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក ទល់មុខអគារកាស៊ីណូ៥ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ ត្រូវកម្លាំងជំនាញសមត្ថកិច្ចខេត្ត និងក្រុងប៉ោយប៉ែត ស្រង់ពីទឹក និងពិនិត្យរួចរាល់ ដឹកទៅរក្សាទុកក្នុងវត្តបាលិលេយ្យ ដើម្បីកម្កល់ទុក រកសាច់ញាតិ ឬរង់ចាំទទួលបទបញ្ជាពីព្រះរាជអាជ្ញា ។
ប្រភពបញ្ជាក់ថា សាកសពជនរងគ្រោះ ត្រូវបានអ្នកស្រុកប្រទះឃើញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ដោយគ្រាន់តែឃើញ ពណ៌ ខ្មៅធម្មតា មិនមាននរណានឹកស្មានថា មានមនុស្សស្លាប់នោះទេ លុះមកដល់ថ្ងៃកើតហេតុ ទើបមានការភ្ញាក់ផ្អើល ។ តាមការសាកសួរ នៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយថា ជាជាតិសាសន៍ចិន ឬជនជាតិខ្មែរ ពីព្រោះនៅលើដងខ្លួន ពុំមានសញ្ញាកំណត់សម្គាល់ ហើយគេអាចដាក់ការសង្ស័យ ថាជា ជនជាតិចិនច្រើនជាង ពីព្រោះការស្លៀកពាក់អាវពណ៌ខ្មៅ ខោខូវប៊យ ។
ប្រភពពីសមត្ថកិច្ច និងគ្រូពេទ្យបានប្រាប់ថា សពរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញខេត្ត ក្រុង ពិនិត្យ អាចជាករណីលង់ទឹកស្លាប់ ដោយសារតែការស្រវឹងស្រា ព្រោះនៅត្រង់ចំណុច ដៃខាងស្ដាំ គេឃើញមានមែកស្រល់ ដែលជនរងគ្រោះក្ដាប់ជាប់នឹងដៃ ហើយគេអាចសន្និដ្ឋានថា សពរងគ្រោះទៅបត់ជើងរូចរអិលធ្លាក់ចូលទឹកស្រះ ស្រវ៉ាកាន់មែកស្រល់តែម្ដង ម្យ៉ាងនៅលើដងខ្លួនពុំមានឃើញស្លាក់ស្នាមអ្វីគួរឲ្យកត់សម្គាល់ជាករណីឃាតកម្មទេ ៕ វណ្ណា