ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិ សមត្ថកិច្ច ព្រះសង្ឃនាំគ្នាភ្ញាក់ផ្អើលទាំងយប់ងងឹត ខណៈដែលមានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ មិនដឹងមូលហេតុនៅតំបន់ព្រៃឈើអភិរក្ស ទេសភាពធម្មជាតិនៅជើងភ្នំព្រះនេត្រព្រះ ដែលបម្រុងរាលដាលឆេះវត្តលោកមួយកន្លែងនៅលើភ្នំព្រះនេត្រព្រះ ។
ប៉ុន្តែភ្លើងឆេះព្រៃត្រូវ បានប្រជាពលរដ្ឋ ព្រះសង្ឃ និងសមត្ថកិច្ចរួមគ្នាបានទប់ស្កាត់ទាន់ពេលវេលាមិនរាលដាលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរនៅក្នុងតំបន់នោះឡើយ គ្រាន់តែព្រៃឈើប្រហែលជិត១ហិកតាដែលព្រះសង្ឃអភិរក្សរក្សាការពារទុកជាជម្រកព្រៃឈើបានរងការឆាប់ឆេះអស់ ។
ហេតុការណ៍ភ្លើងឆេះព្រៃបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជើងភ្នំព្រះនេត្រព្រះផ្នែកខាងត្បូងស្ថិតក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងនគរបាលស្រុកព្រះនេត្រព្រះដែលចេញជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃឲ្យដឹងថា ភ្លើងឆេះព្រៃនោះចាប់ផ្តើមឆេះពីចំហៀងខាងត្បូងភ្នំផ្នែកខាងលិច ។ ការឆេះនោះបានបន្តរាលដាលជាបន្តបន្ទាប់ ខណៈនោះគេឃើញអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និងអធិការនគរបាលស្រុកព្រះនេត្រ លោក មាស ប្ញទ្ធី បានដឹកនាំកម្លាំង និងរថយន្តទឹក១គ្រឿងសហការជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃចំណាយពេលវេលា២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍នោះបាន ។ ភ្លើងឆេះព្រៃនោះត្រូវបានពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃដដែល ។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងនគរបាលស្រុព្រះនេត្រព្រះប្រាប់ឲ្យដឹងទៀតថា ភ្លើងឆេះព្រៃត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមបង្កឡើងដោយភ្លើងបារីរបស់ប្រជាពលរដ្ឋដែលធ្វើចំការនៅក្នុងតំបន់នោះ ។
ភ្លើងឆេះព្រៃនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថាទន្ទឹមដែលព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិលបាតុភូតអែលនីញ៉ូ ។ បាតុភូតបានបង្កឲ្យអាកាសធាតុមានសភាពក្តៅហួតហែងសីតុណ្ហភាព អតិបរម៉ា៤០ទៅ៤២ C° អាកាសធាតុក្តៅបែបនេះអាចងាយ និងបង្កឲ្យកើតឡើងជាអគ្គិសភ័យដោយថាហេតុណាមួយ ៕ សំ វិច្ឆិកា