នំពេញ ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះព្រៃមួយកន្លែង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរចេញរថយន្តពន្លត់អគ្គិភ័យចុះទៅអន្ដរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រជាពលរដ្ឋបានប្រមូលសំរាមដុតចោលដោយមិនរង់ចាំពន្លត់វិញនោះទេ ប៉ុន្ដែដោយចៃដន្យ ភ្លើងក៏ឆាបឆេះស្មៅរាលដាលដល់ព្រៃយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចរាលដាលដល់ផ្ទះពួកគាត់ ទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចេញរថយន្តអគ្គិភ័យចុះមកអន្ដរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹករថយន្ដពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោចេញមកបាញ់អស់ចំនួនមួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន មួយគ្រឿង ក៏បានរលត់ជាស្ថាពរទៅវិញ ដោយមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។
មួយរយះកន្លងមកនេះ គេសង្កេតឃើញថា នៅក្នុងទឹកដីខណ្ឌដង្កោមានអគ្គិភ័យឆាបឆេះព្រៃ និង ស្មៅជាច្រើនលើកច្រើនសារ ព្រោះមានវាលស្រែ និង ដីឡូត៍ហ៊ុំព័ទ្ធសុទ្ធតែព្រៃទើបបណ្ដាលឲ្យងាយឆាបឆេះបែបនេះ។
ជាមួយគ្នានោះ សមត្ថកិច្ចបានអំពាវនាដល់ប្រជាពលរដ្ឋក្បែរនោះនិងម្ចាស់ដីឡូត៍ដែលមានព្រៃហ៊ុំព័ទ្ធសូមជួយកាប់ ដើម្បីទប់ស្កាត់កុំឱ្យមានអគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរគ្នា ៕ ភារ៉ា ដង្កោ