ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត HYUNDAI ២គ្រឿង បុកគ្នាពេញទំហឹង របួសធ្ងន់អ្នកបើកម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសគៀបជាប់នៅក្នុងរថយន្ត ខណៈបើកបរលឿនមិនបានប្រយ័ត្នបានជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹង រថយន្តមួយគ្រឿងទៀត ចតចោលតាមចិញ្ចើមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០ នាទីព្រឹកត្រង់ចំណុចមុខរោងចក្រថៃយ៉ាលើផ្លូវជាតិលេខ៥ ភូមិគ្រួសសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-1067 ចតចោលលើផ្លូវជាតិលេខ៥ សាក្សីបន្តថា រថយន្ត ដែលចតគឺខូចដាច់កាឡេ កំពុងជួសជុលដោយពុំមានដាក់ស្លាកសញ្ញាចរាចរណ៍នោះទេ ក្រោយកើតហេតុម្ចាស់រងយន្តបានរត់គេចច្លួនបាត់ស្រមោលតែម្តង ។

អ្នករងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សេង ម៉ីឡុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល គៀបជាប់នៅក្នុងរថយន្ត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។

រថយន្តរងគ្រោះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តមួយគ្រឿងទៀត ដែលចតស្ងៀមពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលឲ្យរបួសធ្ងន់មនុស្ស១នាក់ ខូចខាតរថយន្តធ្ងន់២គ្រឿង ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ បានទៅដល់ចំណុចកើតហេតុ និងវាស់វែងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖