ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ស្នើឲ្យធនាគារ ADB ជួយ ស្ថាបនាផ្លូវអមផ្លូវរថភ្លើង ប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលា តិចណូ ដល់មហាវិថីវិមាន ឈ្នះឈ្នះ( អូឌឹម)

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ស្នើឲ្យធនាគារ ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលាតិចណូ ដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម) ។

ការស្នើសុំបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល (Sunniya Durrani-Jamal) នាយកតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យរាជធានីភ្នំពេញមានការរីកចម្រើន យ៉ាងខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញ ក៏បានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាបញ្ហាការកកស្ទះ ចរាចរណ៍ និងបញ្ហាសំរាមជាដើម ។ ជុំវិញបញ្ហាប្រឈមទាំង នេះលោកអភិបាលរាជធានី ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍអាស៊ី ADB ជួយដើម្បីដោះស្រាយបញ្ហាទាំងនេះ ផងដែរ ។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទៅលើការកកស្ទះចរាចរណ៍នេះ លោកអភិបាលរាជធានីបានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងចាប់ពីក្រោយសាលាតិចណូរហូតដល់ផ្លូវវិមានឈ្នះឈ្នះ ( ផ្លូវអូដឹម ) ដែលមានប្រវែងជាង១០ គីឡូម៉ែត្រ ។ លោកបញ្ជាក់ថា៖ ផ្លូវនេះ ពិតជាមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរលើ បណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែលរាជរដ្ឋាភិបាល គ្រោងនឹងបើកផ្លូវថ្មីមួយទៀតចាប់ពីមហាវិថីឈ្នះ ឈ្នះ (អូឌឹបកប់ស្រូវ)ផ្លូវរហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសំរាម លោកអភិបាលរាជធានីក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយជ្រោមជ្រែងផងដែរ ខណៈដែលការដោះស្រាយបញ្ហាសំរាមនៅតែមានបញ្ហាប្រឈមនៅឡើយ។

ជាការឆ្លើយតបលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញដោយរងចាំអោយ ក្រុមការងារធ្វើការចុះសិក្សា លើបញ្ហាកកស្ទះចរាចរ ដើម្បីរកវិធានការដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស្រីបានបញ្ជាក់ថាការដោះស្រាយជួយជ្រោមជ្រែងទៅលើរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើ ឡើងដាច់ដោយដុំនោះទេ ហើយការងារជាច្រើនខាង ធនាគារ ADB ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយដែរ។

ក្នុងជំនួបពិភាក្សាការងារនោះដែរលោកស្រីក៏បានសម្ដែងនូវការ កោតសរសើរចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញក្នុងអំឡុងពេលចុងក្រោយនេះដោយមានកំណើនយានយន្តកំណើនមនុស្សនិងកំណើនអចនទ្រព្យផងដែរ។

បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីអោយដឹងថា ជំនួបនេះធ្វើឡើងដើម្បីពិភាក្សា និងស្នើរសុំព័ត៌មានពាក់ព័ន្ធនិងគម្រោងនៃការអភិវឌ្ឍសំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ សម្រាប់ត្រៀមរៀបចំខ្លឹមសារសេចក្តីព្រៀងក្នុងបេសកកម្ម កម្មវិធីសម្រាប់ប្រទេសជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និង ការផ្លាស់ប្តូរព័ត៌មានស្ថានភាពគមនាគមន៍ក្នុងទីក្រុងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងចំនួនទឹកប្រាក់ប្រមាណ (១លាន៥រយ៤៥ពាន់ដុល្លារអាមេរិក) ដែលជាមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រនឹងផ្តល់ចំនួន (១លាន៥រយពាន់ដុល្លារអាមេរិក )ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី០៦ មេសាឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕ សំរិត


ចែករំលែក៖