ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ Moon Jae-in អញ្ជើញដល់កម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋ ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជាមោទនភាពជាតិបំផុត ខណៈក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន គឺទទួលបានទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនឡើងជាលំដាប់ នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ ។

ដោយឡែក នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកដំបូង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ -១៦ ខែមីនា ឆ្នាំ២០១៩នេះ។

មន្ត្រីជាន់ខ្ពស់កម្ពុជាបានអោយដឹងថា៖ ក្នុងដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានាបន្ថែមទៀត ក្នុងនោះការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលជាការងារដ៏សំខាន់ ខណៈរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើតឡើងជាលំដាប់ និងជាមោទនភាពបំផុត។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា៖ ចាប់តាំងពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើតឡើងគួរឲ្យគត់សំគាល់។ ក្នុងនោះដោយលើកឡើងថា នៅឆ្នាំ២០០៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានចំនួនទឹកប្រាក់ជាង២១៨លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េជាង៩៣លានដុល្លារ និងកូរ៉េនាំចូលមកម្ពុជាវិញជាង២០៩លានដុល្លារ។

នៅឆ្នាំ២០១០ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងមានជាង២៧២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនធ្លាក់ចុះ សល់ត្រឹមតែជាង២៤លានដុល្លារប៉ុណ្ណោះ ខណៈកូរ៉េនាំចូលមកកម្ពុជាជាង២៤៤លានដុល្លារ។ និងនៅឆ្នាំ២០១១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៣៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៤៦លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣០០លានដុល្លារអាមេរិក។ ឆ្នាំ២០១២ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៩៣លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៧០លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤២២លានដុល្លារអាមេរិក។ ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៦៤លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៩៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៦៩លានដុល្លារអាមេរិក។ ឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៥១៣លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១២៣លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៩០លានដុល្លារអាមេរិក។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៥៩៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៣៧លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៩លានដុល្លារអាមេរិក។ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៦០២លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៦៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៣៨លានដុល្លារអាមេរិក។ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៦២៥លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៦៩លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៥លានដុល្លារអាមេរិក។ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៧៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង២០២លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាវិញមានចំនួនជាង ៥៤៣លានដុល្លារ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានសំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម៕


ចែករំលែក៖