គេរាយការណ៍ថា លោក កោះ សុភី ហៅហយ មានទីលំនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបោះទីតាំងរោងម៉ាស៊ីន២កន្លែងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រភពឈើដែលបានអូសចូលរោងម៉ាស៊ីនទាំងនោះ ត្រូវដឹកចេញពីតំបន់ដែនជម្រក ។ ពួកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ មិនដែលខ្វល់ និងបង្ក្រាបបទល្មើសនៅនឹងច្រមុះនោះឡើយ ។ ផ្ទុយទៅវិញ ទីតាំងរោងម៉ាស៊ីនអារឈើទាំងពីរកន្លែង គឹជាឆ្នាំងបាយដ៏មានរសជាតិសម្រាប់មន្ត្រីបរិស្ថាន និងមេព្រៃ ។
ឈើដែលមិនទាន់អារត្រូវបានដឹកចេញពីព្រៃ ចូលមករោងម៉ាស៊ីនទី១ ដែលស្ថិតនៅក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ដោយអារឡាំងរួចបន្តដឹកចេញ ។ រោងម៉ាស៊ីនទី២ ដែលស្ថិតនៅចំណុចបាតឆ្នាំង ស្ថិតក្នុងភូមិខ្សេតបុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ នៅពេលនេះ ឈើទាំងឡាយត្រូវបានកែច្នៃ រួចរាល់តាមតម្រូវការ ទើបដឹកចេញទៅឃុំឈើតុំ ស្រុកក្រគរ ដើម្បីរង់ចាំម៉ូយចែកចាយបន្ត ។ រោងម៉ាស៊ីនអារឈើទាំងពីរកន្លែង បាននិងកំពុងដំណើរការជាប្រក្រតី ដោយមានការជួយជ្រោមជ្រែងមើលថែទាំ ពីមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះ ។
លោក កោះ សុភី ហៅ ហយ ត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចបរិស្ថាន សម្រាប់ការអនុញ្ញាតឲ្យមាន ការកាប់ឈើនៅក្នុងដែនសមត្ថកិច្ចអភិរក្ស ។ លោកក៏ត្រូវរ៉ូវជាមួយពួកមេព្រៃ ទើបអាចឈរជើងរោងម៉ាស៊ីនទាំងពីរកន្លែងបានដល់សព្វថ្ងៃ ។ ប្រជាពលរដ្ឋ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនានា មានចម្ងល់ ចំពោះអាជ្ញាធរខេត្តពោធិ៍សាត់, ជំនាញបរិស្ថាន, និងរដ្ឋបាលព្រៃឈើ ដែលបណ្តែតបណ្តោយឲ្យមានបទល្មើសយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់នឹងបង្ក្រាប ៕