ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ មន្រ្ដីកងរាជអាវុធហត្ថបានផ្ដល់ព័ត៌មានមកថា កម្លាំងបានឃាត់់ខ្លួនស្រ្ដីម្នាក់ធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹងករណី ឆបោក នាំមនុស្សឲ្យចូលមកបម្រើការងារជាមន្រ្ដីរាជការ ។
គួររំលឹកថា ការឃាត់់ខ្លួននេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ជនសង្ស័យមានឈ្មោះ កែវ រក្សា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង មានកាត់សម្គាល់ខ្លួន៣សន្លឹក ខោអាវប៉ូលិស១ឈុត ។
រហូតមកដល់ពេលនេះ នៅមិនទាន់សុំការបំភ្លឺបានទេថា តើស្ដី្ររូបនេះធ្វើការនៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ឬមួយយ៉ាងណា? តែសមត្ថកិច្ចថា ស្ដី្រម្នាក់នេះ ពិតជាធ្វើការនៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមែន ដោយពិនិត្យតាមបណ្ណសម្គាល់ខ្លួន ។
សមត្ថកិច្ចបន្ដថា មានជនរងគ្រោះ៤នាក់ ចាញ់បោកស្រ្ដីរូបនេះ ដោយម្នាក់ជាមន្រ្ដីនគរបាល និង៣នាក់ទៀតជាមន្រ្ដីរាជការស៊ីវិល ក្នុងការចំណាយគិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ តែមកដល់ពេលនេះ មិនអាចសុំការបំភ្លឺពីជនរងគ្រោះបានទេ ៕ ប៊ុនរិទ្ធី