ខេត្តពោធិ៍សាត់៖ អាជ្ញាធរស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញធ្វើប្រតិបត្តិការយ៉ាងគគ្រឹកគគ្រេងក្នុងការបង្ក្រាបការដឹកឈើគ្រប់ប្រភេទ ទាំងអនុផលព្រៃឈើតូចតាច ។ គេមិនឃើញមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចូលរួមក្នុងការបង្ក្រាបបទល្មើសនេះទេ ។ ប្រជាពលរដ្ឋនៅទីនោះអះអាងថា វាដូចជាចំណាត់ការវាយបំបែកឆ្នាំងបាយរបស់សមត្ថកិច្ចបរិស្ថាន និងរដ្ឋបាលព្រៃឈើយ៉ាងដូច្នោះដែរ ។ គេកត់សម្គាល់ឃើញថា ការបង្ក្រាបរថយន្ត, រថយន្តកែច្នៃ ឬគោយន្តដឹកឈើនៅវេលានេះ កើតឡើងក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល ចេញវិធានការបញ្ជាឲ្យបង្ក្រាបបទល្មើសព្រៃឈើ ។
មុននេះគ្មានទេការបង្ក្រាបការដឹកជញ្ជូនឈើគ្រប់ប្រភេទនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ការដឹកជញ្ជូនឈើគ្រប់ប្រភេទ ត្រូវបានធ្វើជាចំហរ ហើយចរាចរណ៍នៃហ្វូងគោយន្ត, គោយន្តកែច្នៃ ស្ទើរតែនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ពេលខ្លះ ហ្វូងគោយន្ត រថយន្តកែច្នៃ រ៉ឺម៉កដឹកឈើធ្វើចរាចរណ៍បណ្តាលឲ្យស្ទះផ្លូវដូចនៅរាជធានីភ្នំពេញដែរ ។ ការដឹកជញ្ជូនឈើដែលធ្វើឡើងជាចំហរនោះ ត្រូវបានអ្នករកស៊ីអះអាងថា បានបង់ប្រាក់ឲ្យសមត្ថកិច្ចគ្រប់ផ្នែក ទាំងរដ្ឋបាលព្រៃឈើ ក៏ដូចជាផ្នែកបរិស្ថានដែលនៅដើមទីក្នុងព្រៃ ។ ប៉ុន្តែចាប់ពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នោះមក សកម្មភាព នៃការដឹកជញ្ជូនឈើត្រូវប្រឈមនឹងការបង្ក្រាប មិនថា រថយន្តកែច្នៃ ឬគោយន្តដឹកឈើនោះទេ ។
គេមិនដឹងថា តើវិធានការនោះគ្រាន់តែជាការអប់រំ ឬក៏ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នករកស៊ីដឹកឈើនោះឬយ៉ាងណាទេ ។ បើតាមប្រភពអះអាងថា សកម្មភាពបង្ក្រាបនេះបានធ្វើឡើងនៅភូមិព្រងិល ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គេមិនទាន់ដឹងថា តើការបង្ក្រាបនេះ ធ្វើឡើងនៅគ្រប់ទីកន្លែងក្នុងខេត្តពោធិ៍សាត់ ឬក៏យ៉ាងណាទេ ប៉ុន្តែប្រជាពលរដ្ឋ ឆ្ងល់ថា ហេតុអ្វីបានទើបមានចំណាត់ការពេលនេះ
។
លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ការចាប់បង្ក្រាបសកម្មភាពចរាចរណ៍ឈើខុសច្បាប់នេះ គឺអនុវត្តតាមបទបញ្ជាថ្នាក់លើ ហើយឈើដែលចាប់បានត្រូវប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ វិធានការជាបន្តទៀតយ៉ាងណានោះ លោកមិនដឹងទេ ប៉ុន្តែតាមបទបញ្ជា គឺបង្ក្រាបសកម្មភាពដឹកឈើគ្រប់ប្រភេទទាំងយប់ ទាំងថ្ងៃ មិនលើកលែងនោះឡើយ ។
រថយន្តកែច្នៃ ក៏ដូចជាគោយន្តមានទាំងរ៉ឺម៉កដឹកឈើផងគិតទៅរាប់រយគ្រឿង ដែលធ្វើសកម្មភាពខុសច្បាប់ ហើយត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបង្ក្រាបបាន ។ ប៉ុន្តែអ្នករកស៊ីនៅតំបន់នោះឆ្ងល់ថា ហេតុអ្វីបានជាមិនបង្ក្រាបតាំងពីយូរមកហើយ ឬមួយ ដោយសារតែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទើបបានជាសមត្ថកិច្ច ជាពិសេសថ្នាក់ដឹកនាំខេត្តចាត់វិធានការ? គេរំពឹងថា អាជ្ញាធរខេត្តពោធិ៍សាត់ នឹងចាត់វិធានការបង្ក្រាបចំពោះសកម្មភាពដឹកឈើនេះ ដោយមិនលើកលែងនោះឡើយ ៕ ប៉ឹម ពិន