ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបរិស្ថាន​ចាប់ឈើ​បាន១៨ដុំនៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រី​ដែនជម្រកសត្វព្រៃភ្នំណាមលៀ បានចុះធ្វើប្រតិបត្តិការ​ល្បាត​ត្រង់ចំណុចអូរ​តាំកន ស្ថិតក្នុងភូមិសាស្ត្រ​ឃុំពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយឃាត់បានរថយន្តដឹកឈើ​ម៉ាកឡង់គ្រីសឺកែច្នៃ​១គ្រឿង ដែលផ្ទុកឈើ​១៨កំណាត់ ដែលក្នុងនោះមានឈឺគគីរ៤កំណាត់ និងឈើ​ទេព្រូ ១៤កំណាត់ ។ ប្រតិបត្តិការនេះ នៅគ្រាដែល ពួក​ឈ្មួញ​ខិលខូចរៀងចំដឹកឈើចេញឆ្លងដែនទៅប្រទេសវៀតណាម ។ បច្ចុប្បន្នវត្ថុតាង​ត្រូវបានរក្សាទុក​នៅស្នាក់ការ វ៉ារយោង នៃ​ដែនជម្រកសត្វព្រៃភ្នំណាមលៀ និងកសាងសំណុំរឿង​នាំយក​វត្ថុតាងទាំងនោះ​មករក្សាទុកនៅមន្ទីរបរិស្ថាន ។

ប្រតិបត្តិការ​នៃការបង្ក្រាបនេះ​ត្រូវបានលោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀ បានឲ្យដឹងថា តំបន់អូរតាំកន នៅជិតព្រំដែនវៀតណាម ដែលសមត្ថកិច្ច​លំបាក​ក្នុងការ​ធ្វើប្រតិបត្តិការចុះទៅដល់ ។ ម្យ៉ាងទៀត ដោយសារកម្លាំង​មន្ត្រី​ការពារបរិស្ថាន​មានចំនួនតិច ដូច្នេះ ការល្បាត​គឺមិនអាចគោលដៅមួយចំនួន​ឲ្យបានទៀងទាត់នោះទេ ។ ពួកឈ្មួញ និងជនខិលខូច តែងតែឆ្លៀតឱកាសនៅពេលដែលសមត្ថកិច្ចឆកល្វែង មិនបានចុះទៅដល់គោលដៅទាំងនោះ ។ យ៉ាងណាក៏ដោយ មន្ត្រីបរិស្ថាន​នៃតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ នៅតែបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច​របស់ខ្លួន មិនបានធ្វេសប្រហែលសនោះទេ ។

គួរបញ្ជាក់ថា រថយន្តឡង់គ្រីសឺដឹកឈើខាងលើនេះ ត្រូវបាសមត្ថកិច្ចយោធាឃាត់ដើម្បីទារប្រាក់ ។ នៅពេលដែលម្ចាស់​ឈើ​មិនអាច​រកលុយគ្រប់ចំនួន និងទាន់ពេលវេលា ទើបបណ្តាលឲ្យក្រុមមន្ត្រីបរិស្ថាន​ចុះល្បាតប្រទះឃើញ ក៏ឃាត់​ទាំងរថយន្ត និងឈឺនោះតែម្តង ។

មន្ត្រីយោធា​បានទារប្រាក់ពីម្ចាស់រថយន្តដឹកឈើនោះចំនួន៣ពាន់ដុល្លារ ។ ប៉ុន្តែម្ចាស់ឈើគ្មានលុយ និងកំពុងស្វះស្វែងរកលុយបន្ថែមទៀត ទើបធ្វើឲ្យរថយន្តដឹកឈើនោះ​មិនអាចធ្វើដំណើរឆ្លងដែន​ចូលទៅប្រទេសវៀតណាម​បាន ។

លោក វុធ​ សារុំ បានឲ្យដឹងថា ពួកជនខិលខូច​តែងតែប្រើគ្រប់សកម្មភាពដើម្បី​កាប់ឈើ​ ឬលួចដឹកជញ្ជូនឈើ ។ យ៉ាងណាក៏ដោយ កម្លាំងបរិស្ថាន​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ មិនដែលបណ្តែតបណ្តោយ ឬបង្កលក្ខណៈឲ្យពួកគេធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ ។ លោកបានបដិសេធន៍ចំពោះការផ្សព្វផ្សាយ​តាមបណ្តាញព័ត៌មានមួយចំនួន ជាពិសេស​គេហទំព័រទូរទស្សន៍ព្រហ្មខ័ន ដែលផ្សព្វផ្សាយ​ព័ត៌មាន​មូលបង្កាច់ ពាក់ព័ន្ធនឹងរឿងចាប់ឈើ​ខាងលើនេះ ។ ​លោកបន្ថែមថា សមត្ថកិច្ចនៅដែនជម្រកសត្វព្រៃភ្នំណាមលៀនៅមានចំនួន​កំណត់នៅឡើយ ។ នៅពេលដែលយើងចុះធ្វើប្រតិបត្តិការ តែងតែ​ជួបប្រទះនូវបញ្ហាជាច្រើន ។ ប៉ុន្តែពួកយើងមិនដែលត្អួញត្អែរអំពីការលំបាកទាំងនោះទេ ។ ជាធម្មតាទេ ពួកឈ្មួញនៅទីងងឹត ពួកគេតែងតែលួចធ្វើសកម្មភាពគ្រប់បែបយ៉ាងនៅពេលដែលយើងធ្វេសប្រហែសបន្តិចបន្តួច ។

លោក កែវ សុភក្តិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីអះអាងថា ទាំងថ្នាក់ដឹកនាំក្រសួង ក៏ដូចជា​ថ្នាក់ដឹកនាំខេត្ត សុទ្ធតែបានដឹងអំពី​ល្បិចកល​របស់ពួកជនខិលខូច ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបរិស្ថានមិនអាច​គ្រប់គ្រងឲ្យល្អឥតខ្ចោះ​លើដែនសមត្ថកិច្ចរបស់ខ្លួនទេ ។ យ៉ាងណាក៏ដោយ យើងខិតខំប្រឹងប្រែង​ដើម្បីការពារ​ព្រៃឈើ​នៅក្នុងដែនសមត្ថកិច្ចរបស់យើង ។ យើងមិនអាចបំពេញបំណង​មនុស្សគ្រប់រូបបានទេ ប៉ុន្តែយើងនឹងខិតខំធ្វើការតាមតួនាទី និងភារកិច្ចរបស់យើង ៕ ហេង សូរិយា


ចែករំលែក៖