ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអះអាងថា ការចែកចាយគ្រឿងញៀននៅតាមទីជនបទ តាមភូមិ ឃុំគ្មានការថយចុះនៅឡើយ បើទោះបីជារយៈពេលចុងក្រោយនេះ អាជ្ញាធរបង្រ្កាបករណីធំៗបានជាបន្តបន្ទាប់ក៏ដោយនោះ ។
ថ្លែងនៅក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ដោយមានរដ្ឋមន្រ្តីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជិត៣០ចូលរួម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ានបានលើកឡើងថា «ពីមុនខ្ញុំសន្និដ្ឋានថា ករណីគ្រឿងញៀន វានឹងអាចថយដោយសារ ចាប់ករណីធំៗ បានច្រើន ប៉ុន្តែការចែកចាយតាមភូមិឃុំហ្នឹងគឺវាមិនថយនោះឡើយ ។ ចំណែកទីកំសាន្តនានា ស្ទើរតែទាំងអស់ ដែលមានប្រើប្រាស់គ្រឿងញៀន»។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ស៊ើបអង្កេតស្វែងរកម្ចាស់ និងអ្នកពីក្រោយខ្នងនៃការនាំចូលនូវគ្រឿងញៀននេះបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងឲ្យករណីនេះមានការថយចុះដើម្បីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិខ្មែរទាំងមូល។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះបទល្មើសគ្រឿងញៀនសរុបដែលបង្រ្កាបបានចំនួន៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធបានចំនួន១៦២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន បានឲ្យដឹងទៀត ថាបញ្ហាគ្រឿងញៀននេះគឺមិនមែនតែកម្ពុជាយើងនោះទេគឺពិភពលោក មានការព្រួយបារម្ភ គ្រប់ៗគ្នាប៉ុន្តែរមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីប្រទេសជាតិហើយត្រូវតែរួមសហការគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការបង្រ្កាប និងលុបបំបាត់វា ៕ តាឡឹម