ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន!! បុរសម្នាក់បើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវដាច់កង់មុខអស់១ នៅតែបើកបានជិត១ពាន់ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បានពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ នៅទល់មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តបង្កម៉ាកឡិចស៊ីស LX470 ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2S.9668 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រីឯរថយន្តបង្កបានដាច់កង់ខាងមុខខាងឆ្វេងអស់មួយ ហើយនៅតែបើកទាំងកង់៣ទៅមុខ បាន ប្រហែល១០០០ម៉ែត្រ ទើបសមត្ថកិច្ចមូលដ្ឋានចាប់បាន ។ ទីតាំងខាងលើជាទីប្រជុំជនដែលមានអ្នកធ្វើដំណើរច្រើន តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖