ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតក្រុមហ៊ុនលក់រថយន្តសឺដែស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តតូយូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2AP-1100 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបោះពូយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើបានជ្រុលទៅបុកម៉ូតូ ឌ្រីម សង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-9780 ជិះដោយបុរសម្នាក់ ពីកើតទៅលិច ក្នុងបញ្ច្រាសទិស ពេញទំហឹងប៉ើងប្រមាណដប់ប្រាំម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះដែរ រថយន្តបង្កមិនព្រមឈប់នោះទេ ដោយព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមរហូតដល់ក្រោមស្ពានសំរោង ទើបឃាត់បានរថយន្ត និងអ្នកបើកបរយកមកកន្លែងកើតហេតុវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ាដង្កោ