ការចាប់លោកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងក្លិបកម្សាន្តរ៉ក់ ពាក់ព័ន្ធនឹងជំនួញជួញដូរ និងប្រើប្រាស់គ្រឿងញៀន មិនទាន់បញ្ចប់ទេ ។ នេះជាការលើកឡើងរបស់សម្តេចក្រឡហាហោម ស ខេង ។ យ៉ាងដូច្នេះធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំ ទៅលើរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ឫសគល់ក្រុមអ្នកជួញដូរគ្រឿងញៀន ក៏ដូចជាជនដែលពាក់ព័ន្ធ ។ ជនដែលពាក់ព័ន្ធក្នុងរឿងនេះ រួមមានទាំងមន្ត្រីនគរបាលដែលបានដាក់ខែជាមួយថៅកែហាងរ៉ក់នេះផងដែរ ។ ប៉ុន្តែថា តើសមត្ថកិច្ចអាចតាមចាប់ខ្លួនពួកមន្ត្រីពាក់ព័ន្ធបាននៅពេលណានោះ គឺប្រជាពលរដ្ឋកំពង់រង់ចាំមើល ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាសប្បាយរីករាយនៅពេលដែលឮសម្តេចក្រឡាហោមស ខេង បង្ហើបអំពីការបន្តចាត់វិធានការជនដែលពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀននៅក្លិបកម្សាន្តរ៉ក់នោះ ។ ពីព្រោះថា ប្រជាពលរដ្ឋទូទៅសុទ្ធតែដឹងយ៉ាងច្បាស់ថា ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏ធំនេះ មិនមែនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មនុស្សម្នាក់នោះឡើយ ពោលគឺមិនមែនតែលោកឧកញ៉ា គិត ធាង ម្នាក់នោះទេ ដែលអាចសម្របសម្រួលកិច្ចការងារគ្រឿងញៀននេះបានដោយរលូននៅលើទីតាំងដ៏ធំមួយកណ្តាលរាជធានីភ្នំពេញនោះ ។ និយាយរួមមិនមែនសមត្ថកិច្ចជំនាញមិនដឹងថា រ៉ក់ ជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះទេ ។ ផ្ទុយទៅវិញ ពួកមន្ត្រីអ្នកពាក់ព័ន្ធ ពិតជាដឹង ហើយអ្នកទាំងនោះ ទំនងជាបានលាភសក្ការពីម្ចាស់ក្លិបកម្សាន្តខាងលើនេះ ។
អ្វីដែលខ្ញុំបាទ ក៏ដូចប្រជាពលរដ្ឋទូទៅចង់ឃើញ គឺត្រូវចាប់អ្នកពាក់ព័ន្ធទាំងនោះយកមកបង្ហាញមុខ និងផ្តន្ទាទោសតាមច្បាប់ឲ្យបាន ។ ពេលនេះ ដល់វេលាដែលត្រូវអនុវត្តអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋចង់ឃើញមុខបណ្តាជនដែលពាក់ព័ន្ធក្នុងសំណុំរឿងដ៏ធំនេះ ហើយជាងនេះទៅទៀត ក៏ប្រាថ្នាចង់ឃើញរាជរដ្ឋាភិបាលបន្តចាត់វិធានការចំពោះជនដែលពាក់ព័ន្ធនឹងគ្រឿងញៀនដទៃទៀត ឬទីតាំងដទៃទៀត ។ វិធានការកាត់ផ្តាច់ឫសគល់គ្រឿងញៀននៅកម្ពុជា គឺទាល់តែបង្ក្រាបទីតាំងធំៗ ក៏ដូចជាបណ្តាជនដែលពាក់ព័ន្ធនឹងថៅកែជំនួញគ្រឿងញៀននោះផង ។ បើមិនចាត់វិធានការក្តៅទេនោះ មិនអាចបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានឡើយ ៕ ប្រជាពលរដ្ឋម្នាក់