ភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ ប្លន់វ័យក្មេងម្នាក់ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។
យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ទន់ គីមឡេង(ហៅ លោង) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តទៀតថា ជនត្រូវចោទត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្ស៊ី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ បញ្ជូនមកការិយាល័យដើម្បីសាកសួរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ស៊េរីឆ្នាំ២០១៨លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ 1GY-1249 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទន់ គឹមឡេង នេះគឺជាបក្ខពួករបស់ក្រុមចោរឆក់ ប្លន់ ចំនួន៥នាក់ ដែលតុលាការទើបឃុំខ្លួនកាលពីសប្ដាហ៍មុននៅគុកព្រៃស ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ ៕ស រស្មី