ខេត្តកណ្តាល៖ ទីតាំងផ្ទះដាក់កោសជប់ យីហោ បាតដៃប្រសប់១៦៨ ដោះស្លែរ យូរហើយ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យ និងអង្គការមេត្រីអន្តរជាតិសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះបង្ក្រាប ឃាត់ខ្លួនមនុស្សស្រីបាន៧នាក់ ម៉ែយ៉ែមម្នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង២០ និង៣០នាទីយប់ នៅចំណុចផ្ទះម៉ាស្សាកោស ជប់ យីហោ បាតដៃប្រសប់១៦៨ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានចំនួន០៦នាក់ ក្នុងនោះកូនចិញ្ចឹម៣នាក់ និងស្រីៗបម្រើផ្លូវភេទ៣នាក់ ក្នុងនោះមាន អាយុ១៦ឆ្នាំ មួយនាក់ ។ ចំណែកម្ចាស់ទីតាំង ឈ្មោះកាន់ កាឌី ភេទ ប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាម៉ែយ៉ែម ។
នគរបាលបានឲ្យដឹងថា៖ កាលពីវេលាកើតហេតុខាងលើ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យ និងអង្គការមេត្រីអន្តរជាតិសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរ ភូមិសង្កាត់ បានចុះមកបង្រ្កាបករណីខាងលើ ដោយឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ឈ្មោះកាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឆែកឆេរបន្ទប់ដែលដាក់សម្រាប់ម៉ាស្សា កោសជប់ លួចបម្រើផ្លូវភេទ ចំនួន១០បន្ទប់ រកឃើញវត្ថុតាងមួយចំនួនធំមានស្រោមអនាម័យ របស់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមួយចំនួនទៀតយកទៅការិយាល័យដើម្បីចាត់ការតាមច្បាប់ ៕ ឆ ដា