ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ឥដ្ឋ​ ធុន​ធំ​មួយ​គ្រឿង​ ចុះ​ចំណោត​រ៉ា​ ហ្វ្រាំង​មិន​ស៊ី ​បុករះរថយន្តLexus២គ្រឿង ហើយ​បុក​ចូលផ្ទះ​ប្រជា​ពលរដ្ឋ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានរបស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា​ ៖ វេលា​ម៉ោង​៧:០០នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ២០១៩​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ លើវិថីផែ ជិតស្ថានីយ៍ប្រេងសូគីមិច (កែងរ៉ា)ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ​ បង្ក​ឡើង​ដោយ​រថយន្តធុនធ្ងន់​១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម​ ពាក់ស្លាក

លេខ ព្រៃវែង3A-0248 ដឹក​ឥដ្ឋ​ពេញ​ ចុះ​ចំណោត​ពីឃ្លាំងលើ​មក​ផ្លូវ​បំបែក​រ៉ា​ ហ្វ្រាំង​មិន​ស៊ី​ បាន​បុក​រះ​រថយន្ត​ឡិច​ស៊ី​ស អស់​២​គ្រឿង​ ហើយ​បន្ត​ដំណើរ​ទៅ​បុក​ចូលផ្ទះ​ប្រជា​ពលរដ្ឋ​ នៅ​ផ្លូវ​ចុះ​ទៅ​ទំនប់​រលក​ ទើប​រថយន្ត​នោះ​អស់​ល្បឿន​ ហើយ​អ្នក​បើក​បរ​បាន​ចុះ​គេច​ខ្លួន​តែ​ម្តង​ តែ​គ្រោះ​ថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ឡើយ ។

យោងតាម របាយការណ៍​របស់សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា៖ រថយន្ត​ដឹក​ឥដ្ឋ​នៅពេល​ចុះ​ចំណោត​មក​ បាន​បុក​រថយន្ត​ស្រប​ទិស​គ្នា​ លើកទី១ ម៉ាក LEXUS RX300 ពណ៌ទឹកមាស ស្លាក ​លេខភ្នំពេញ​ 2D-9111 អ្នកបើកបរឈ្មោះ សេក នី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

បន្ទាប់មក រថយន្តនេះ បន្តជ្រុលទៅបុកលើកទី២​ រថយន្ត ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាក លេខ​ភ្នំពេញ2AS-0507 អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរប្រពន្ធឈ្មោះ ប៊ុន ទី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ហើយរថយន្ត LEXUS RX300 បានខ្ទាតទៅបុកនឹងខឿនបែងចែកទ្រូងផ្លូវ បាក់អស់មួយចំនួន​ បន្ទាប់​មក​ រថយន្ត​ដឹក​ឥដ្ឋ​នោះ​ បាន​បន្ត​ល្បឿន​ទៅ​បុក​ចូលផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ទៀត​ នៅ​ផ្លូវ​ចុះទៅ​ទំនប់​រលក​ ទើប​អស់​ល្បឿន​ ហើយ​អ្នក​បើកបរ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​តែ​ម្តង​។

គ្រោះថ្នាក់នេះ​មិន​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ទេ​ រងរបួស​ មនុស្ស​ស្រី​១នាក់ ឈ្មោះ ប៊ុន ទី រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ ។

រថយន្តទាំង ៣គ្រឿង ( ធុនធំ១គ្រឿង ) សមត្ថកិច្ច​ បាន​ចាត់​ចែង​យកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖