ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ៖ ករណីអគ្គិភ័យគិតត្រឹមថ្ងៃទី២០ មីនានេះ កើតមានចំនួន១៤៩លើក មនុស្សស្លាប់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងរដូវក្តៅនេះគ្រោះអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តបានបង្កឲ្យមហន្តរាយដល់ផ្ទះសម្បែងទ្រព្យសម្បតិ្ត និងជាពិសេសបានឆក់យកអាយុជីវិតពលរដ្ឋគួរឲ្យបារម្ភ ។

ពាក់ព័ន្ធនឹងករណីគ្រោះអគិ្គភ័យជាយថាហេតុ ខាងលើនេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាននាយកដ្ឋានបង្កា និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវបញ្ហាបណ្តាញ និងការដុតសំរាម ព្រៃ ដែលអាចបង្កឡើងជាអគិ្គភ័យ ។ លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានឲ្យដឹងទៀតថា បើយោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ កន្លងមកនេះ មានករណីអគិ្គភ័យកើតមានចំនួន៥៣៤លើក បណ្តាលឲ្យមនុស្ស១៧នាក់ និងរបួសជាង៥០នាក់ ។ ដោយឡែកត្រីមាសដើមឆ្នាំ២០១៩នេះ កើតមាន១៤៩លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងលំនៅដ្ឋានរបស់ពលរដ្ឋជាង៥០០ខ្នង ព្រមទាំងតូបលក់ដូរជាង៣០០តូបផងដែរ ។

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានក៏បានបញ្ជាក់ឲ្យដឹងថា ករណីបណ្តាលឲ្យ មានគ្រោះអគិ្គភ័យកើតមាននោះ គឺភាគច្រើនការតភ្ជាប់បណ្តាញចរន្តគ្មានបទដ្ឋានលក្ខិណៈបច្ចេកទេស៤១% និងការឆេះដោយមូលហេតុដុតធូប ដុតទាន ចង្ក្រានហ្គាសមានចំនួន៣៩% និងមិនដឹងមូលហេតុចំនួន២០% ។ លោកឧត្តមសេនីយ៍ទោ នេត វត្ថា ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកនៅក្នុងខែមីនា គិតត្រឹមថ្ងៃទី២០ មីនា នេះករណីអគ្គិភ័យកើតមានចំនួន៣៦លើកហើយ ។ ដោយសារចរន្តអគ្គិសនីចំនួន១៣លើក និងការឆេះព្រៃរាលដាលដល់ដំណាំពលរដ្ឋជាង១៥ហិកតា និងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ របួស៣នាក់ផងដែរ ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានធ្វើការអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលថ្មីៗនេះក៏បានចេញសេចក្តីណែនាំអំពាវនាវដល់ពលរដ្ឋ ព្រមទាំងកម្លាំងសមត្ថកិច្ចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាអនុវត្តន៍នូវវិធានការបង្កាគ្រោះអគិ្គភ័យគ្រប់មូលដ្ឋាន គ្រប់អង្គភាព គ្រប់តំបន់ទាំងអស់ ក៏ដូចជាសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានធ្វើការបដិសេធចំពោះព័ត៌មានដែលលើកឡើងថា លោកបានកាត់ប្រាក់ខែមន្ត្រី ឬប្រាក់ឧត្តមផ្សេងៗ ប្រាក់ការងារចុះជួយបក្សនោះទេ ។ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានកោះប្រជុំភ្លាមៗផងដែរ ក្រោយពីមានលិចលឺនូវព័ត៌មាននេះ ។ លោកថា ការផ្សាយព័ត៌មានបំផ្លើសការពិតបែបនេះនាំឲ្យប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូក្នុងនាយកដ្ឋានរបស់លោក៕ តាឡឹម


ចែករំលែក៖