ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប៉ូលិសប្រឆាំងភេរវកម្មបារាំង នឹងរារាំងរាល់បាតុករ អាវលឿងដែលបង្កហិង្សា

ចែករំលែក៖

បាតុកម្មអាវកាក់លឿងនៅក្នុងប្រទេសបារាំង បានកើតឡើងជាច្រើនសប្តាហ៍កន្លងមក ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ជាច្រើន និងបង្កអសន្តិសុខនៅក្នុងសង្គម ។ កម្លាំងសន្តិសុខបារាំងមិនអាចរារាំងបានជាច្រើនសប្តាហ៍កន្លងមក ទើបធ្វើឲ្យស្នងការត្រូវដកតំណែង ។ នៅពេលនេះ រដ្ឋាភិបាលបារាំង បានសម្រេចដាក់ពង្រាយកម្លាំង ប្រឆាំងភេរវកម្ម ទប់ស្កាត់ក្រុមបាតុករ អាវកាក់លឿងនៅទីក្រុងប៉ារីស ដែលបានត្រៀមធ្វើបាតុកម្មសប្តាហ៍ទី១៩ ។

កាលពីថ្ងៃទី២០ ខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Benjamin Griveaux បានបញ្ជាក់ថា កម្លាំងទាហានប្រឆាំងភេរវកម្ម បានដាក់ពង្រាយប្រឆាំងក្រុមអាវកាក់លឿងនៅទីក្រុងប៉ារីស ទប់ស្កាត់ អំពើហិង្សាកើតឡើង ។

កម្លាំងទាហាន Sentinelle ជាកម្លាំងប្រឆាំងភេរវកម្ម បានសម្រេចដាក់ពង្រាយចាប់តាំងពីភេរវកម្ម កើតឡើងនៅខែមករា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ។ គោលដៅសំខាន់គឺ រារាំងទប់ស្កាត់ការវាយប្រហារភេរវកម្ម និងការពារទីតាំងសំខាន់ៗនៅទូទាំងប្រទេសបារាំង។

កាលពីចុងសប្តាហ៍កន្លងមក រដ្ឋាភិបាលបារាំងបានដាក់ពង្រាយកម្លាំងជាង៥ពាន់នាក់ការពារទីក្រុងប៉ារីស ប៉ុន្តែ កម្លាំងទាំងនោះ មិនអាចបង្ក្រាបក្រុមបាតុករបានឡើយ ។

សកម្មភាពខាងលើកើតឡើង ក្រោយពេល រដ្ឋាភិបាលបានសម្រេច ដកដំណែងស្នងការប៉ូលិសទីក្រុងប៉ារីស ដោយមិនអាចទប់ស្កាត់អំពើហិង្សាកើតឡើងនៅទីក្រុងប៉ារីស និងមិនអាចបង្ក្រាបក្រុមបាតុកម្មបង្កអំពើហិង្សា ។

កន្លងមកថ្មីៗ រដ្ឋាភិបាលបារាំង បានសម្រេចដកតំណែង ស្នងការប៉ូលិស ទីក្រុងប៉ារីស ហើយប្រកាសថានឹងបញ្ជប់ការធ្វើបាតុកម្មអាវកាក់លឿងនៅទីក្រុងប៉ារីស Bordeaux និង Toulouse ប្រសិនបើបង្កឲ្យមានអំពើហិង្សានោះ។

នាយករដ្ឋមន្ត្រីបារាំង លោក Edourarad Philippe បានប្រកាសពីវិធានការតឹងតែងបំផុតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រោយរដ្ឋាភិបាលបរាជ័យនៅក្នុងសកម្មភាពទប់ស្កាត់ អំពើហិង្សាចលាចល នៅទីក្រុងប៉ារីស កាលពីចុងសប្តាហ៍កន្លងមក ។

លោក Edourarad Philippe បានប្រកាសតាមបណ្តាញទូរទស្សន៍ ថា«ចាប់តាំងពីសប្តាហ៍ក្រោយ ប្រសិនបើមានក្រុមបង្កចលាចល អំពើហិង្សាកើតឡើងនោះ យើងនឹងហាមប្រាមក្រុមបាតុករអាវលឿងបន្តធ្វើបាតុកម្ម នៅតាមផ្លូវថ្នល់ទៀតដែលធ្វើឲ្យខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ៕


ចែករំលែក៖