ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសាលារាជធានីភ្នំពេញ និងតុលាការអាជ្ញាធរដែនដីដឹកនាំកម្លាំងចម្រុះជិត១០០នាក់ ចុះរុះរើសម្ភារ និងគ្រឿងម៉ាសុីនបោកគក់ចាស់ៗ ចេញពីរោងចក្រកាត់ដេរ ដាយយ៉ាំង អតីតរោងចក្រម្បាញទី២ឫស្សីកែវ បន្ទាប់ពីរោងចក្រកាត់ដេរមួយនេះ ក្ស័យធន់ហើយត្រូវថៅកែរត់ចោលកម្មកររាប់រយនាក់ មិនមានការដោះស្រាយប្រាក់ផ្សេងៗជូនកម្មករ ។
ការដឹកនាំកម្លាំងចម្រុះរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី 21 ខែមីនាឆ្នាំ 2019 នៅតាមបណ្តោយផ្លូវជាតិលេខ 5 ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាម សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ 283 សជណ .ឧរ ចុះថ្ងៃចន្ទទី 13 រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ 2562 ត្រូវថ្ងៃទី 4 ខែមីនា ឆ្នាំ 2019 បានបង្គាប់ឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសាលារាជធានីភ្នំពេញចាត់ចែងការពារសន្តិសុខ សុវត្ថិភាព រួមទាំងវិធានការចាំបាច់ផ្សេងៗ ក្នុងការ ចុះរុះរើសម្ភារ ឧបករណ៍គ្រឿងម៉ាសុីនបោកគក់ចាស់ៗ ចេញពីរោងចក្រកាត់ដេដាយយ៉ាំងអតីតរោងចក្រតម្បាញទី២ឫស្សីកែវ ដែលស្ថិតនៅភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងរោងចក្រដាយយ៉ាំងអតីតរោងចក្រតម្បាញទី២ ឫស្សីកែវមានទំហំប្រហែល១៤០០០ម៉ែត្រការ៉េ ពោលគឺជិត១ហិកតាកន្លះ អាចនឹងមានការលក់ដូរដីនោះ ឲ្យទៅឈ្មួញរួចហើយដើម្បីយកលុយដោះស្រាយជូនកម្មករចំនួន 498 នាក់ ដែលត្រូវថៅកែរោងចក្ររត់ចោល ហើយការអនុវត្តនៅថ្ងៃនេះ ដើម្បីយកទីតាំងប្រគល់ជូនឈ្មួញម្ចាស់ដីដែលជាអ្នកទិញទីតាំងនោះ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីតាំងរោងចក្រតម្បាញ់នេះបានជួលបន្តបន្ទាប់គ្នា ហើយចុងក្រោយបានជួលទៅឲ្យជនជាតិកូរ៉េ ដំណើរការងាររោងចក្រកាត់ដេររយៈពេលជិត 20 ឆ្នាំមកហើយ ហើយក្នុងខែមីនាឆ្នាំ 2018 ថៅកែរោងចក្រ ក៏បានដាក់មេប្រូចបាត់ស្រមោលដោយទុកឲ្យកម្មករ 498 នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ ដោយអូសបន្លាយពេលរហូត ជាងបីខែ ទើបរដ្ឋាភិបាលមានការដោះស្រាយជូនកម្មករ ។
បើទោះបីយ៉ាងណាអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការងារនេះ យ៉ាងប្រុងប្រយ័ត្នជាទីបំផុតសូម្បីតែអ្នកយកព័ត៌មាន ក៏មិនឲ្យថតផ្តិតយករូបភាពដែរ ហើយបានហាមដាច់ខាតមិនឲ្យផ្សាយព័ត៌មាននេះទៀតផង ។
លោកស្រីឈ្មោះ នី បានឲ្យដឹងថា លោកស្រីជាតំណាងឲ្យក្រុមហ៊ុនឧបករណ៍ និងម៉ាសុីនបោកគក់ដែលប្រើប្រាស់នៅក្នុងរោងចក្រនោះ ហើយការរុះរើដឹកចេញម៉ាសុីនបោកគក់របស់លោកស្រី គឺខាងក្រសួងមិនបានឲ្យគាត់ដឹងឡើយ ហើយគ្មានការជូនដំណឹងឬបង្ហាញឯកសារអ្វីដែលពាក់ព័ន្ធដែរ ។
លោកស្រីបន្តថា បន្ទាប់ពីក្ស័យធន គាត់ក៏បានទៅដឹកសម្ភារចេញពីរោងចក្រដែរ ប៉ុន្តែម្ចាស់រោងចក្រដែលជួលទៅឲ្យជនជាតិកូរ៉េ មិនអនុញ្ញាតឲ្យដឹកឡើយ ទើបទុករហូតដល់ថ្ងៃនេះ គេយកចេញដោយមិនបានប្រាប់គាត់ ខណៈគាត់មានកិច្ចសន្យាជួលត្រឹមត្រូវ ៕ អារុណរះ