ភ្នំពេញ៖ បុរសម្នាក់ទំនងជិះម៉ូតូលឿន ពេកជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវជាតិ លេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលដល់ អ្នកដំណើរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ។
សពជនរងគ្រោះមានឈ្មោះ ឆែម ម៉ូលី អាយុ៣៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9068 បានធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុង ល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះ បាក់ក រងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័មផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់ហើយទាក់ទងទៅជំនាញ ចរាចរណ៍ឲ្យមកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូជនរងគ្រោះត្រូវបាន សមត្ថកិច្ចមកវាស់វែងយកទៅ រក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅ ពេលក្រោយ ៕ ភារ៉ា ដង្កោ