ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបការនេសាទខុសច្បាប់! ឃាត់ខ្លួនជនប្រព្រិត្ត ១៩នាក់ សង្ស័យទំនាស់ផលប្រយោជន៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនៃស្នងការដ្ឋាន អធិការដ្ឋានស្រុកកណ្ដៀង និងប៉ុស្តិ៍រដ្ឋបាលរាំងទិល សហការចុះបង្រាបការនេសាទខុសច្បាប់ស្ដីពីជលផល ក្នុងនោះឃាត់ខ្លួនជនសង្ស័យកំពុងប្រព្រិត្តជាក់ស្ដែងចំនួន ១៩នាក់រួមទាំងវត្ថុតាង ឧបករណ៍ប្រភេទអ៊ួនហ៊ុំទឹកសាបចំនួន ២វង់ ដើម្បីប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលជលផលបន្តនីតិវិធី ដែលករណីនេះត្រូវបានគេសង្ស័យទំនាស់ផលប្រយោជន៍។

ប្រតិបត្តិការធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអតីតឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលចុះបត្តិ្របត្តិការខាងលើបង្ហើបថា លទ្ធផល៖ កម្លាំងបង្រ្កាបបានឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផលប្រភេទ(អ៊ួនហ៊ុំ)ទឹកសាបចំនួន ២វង់ មានប្រវែង ១០០០ម៉ែត្រ កាណូតភ្ជាប់ដោយម៉ាស៊ីនធំៗចំនួន ៨គ្រឿង ត្រីចំរុះចំនួន ១១៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យប្រព្រិត្តចំនួន ១៩នាក់ ក្នុងនោះមានស្រីចំនួន ២នាក់។

របាយការណ៍ដដែលបន្តថា លទ្ធផល៖ ជាវត្ថុតាងឧបករណ៍ដូចជា កាណូតភ្ជាប់ដោយម៉ាស៊ីនធំៗ សាច់អ៊ួន ត្រីចំរុះ រួមទាំងជនសង្ស័យនេសាទខុសច្បាប់ស្ដីពីជលផលទាំងអស់ បានប្រគល់ទទួលទៅមន្រ្តីជំនាញរដ្ឋបាលជលផល សង្កាត់រដ្ឋបាលជលផលកណ្ដៀងបន្តនីតិវិធី ។

ដោយឡែក៖ ករណីខាងលើលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃច័ន្ទទី២៥ ខែមីនា ឆ្នាំ២០១៩ នេះថា ករណីនគរបាលបង្រ្កាបបទល្មើសនេសាទប្រភេទ(អ៊ួនហ៊ុំ) ធ្វើការពិន័យអន្តរការតាមផ្លូវច្បាប់ស្ដីជលផល ពាក់ព័ន្ធការនេសាទប្រើប្រាសឧបករណ៍គ្មានក្នុងប្រកាសរបស់រដ្ឋមន្រ្តី នៃក្រសួងកសិករ រក្ខាប្រម៉ាញ់ និងនេសាទ រួចប្រគល់ឧបរកណ៍ និងសម្ភារៈជាវត្ថុតាងទាំងនោះឲ្យទៅម្ចាស់ បើករណីជនប្រព្រិត្តពុំរាងចាលត្រូវពិន័យទ្វេដង ហើយវត្ថុតាងត្រូវដកហូតទុកជាបណ្ដោះអាសន្ន។

ករណីកម្លាំងនគរបាលសហការចុះបង្រាបការនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ប្រភពពីមហាជនលើកឡើងស្រឌៀងៗគ្នាថា អាចជាករណីទំនាស់រឿងផលប្រយោជន៍ជាធំ ហើយក្នុងចំណោមកម្លាំងនគរបាលចុះប្រត្តិបត្តិការទាំងនោះ មានជំនាញខ្លះៗមិនបានដឹងអំពីរឿងរាវអ្វីទាំងអស់ ព្រោះគេដឹងថាក្រុមអ្នកនេសាទទាំងរងគំនាបពីមន្រ្តីនគរបាលមូលដ្ឋានម្នាក់ ដោយបង្គ្រាប់ឲ្យបង់លុយ៥០មឺុនរៀលក្នុង ១វង់ ដូច្នេះ ២វង់ត្រូវបង់លុយ(១លានរៀល) ការសន្យាចេះតែយូៗទៅស្មើនឹងសន្យាខ្យល់នោះដែរ ទើបមានការបង្រ្កាបដូច្នេះ ៕ ប៉ឹម ពិន


ចែករំលែក៖