ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។ សន្និសីទនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលជាច្រើនទៀត។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។ សន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅបំផុសឲ្យមានការផ្លាស់ប្តូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែង និងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា ៕