ព័ត៌មានទាន់ហេតុការណ៍៖

យុវជនប្រុស ស្រី២នាក់ បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ព្រោះតែរថយន្តបែន ដឹកដីបុកជាមួយម៉ូតូ រួចកិនពីលើ ហើយបើករត់ទៅក្រឡាប់ក្នុងប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈដែលយុវជនប្រុសស្រី២នាក់ បានបាត់បង់ជីវិត រីឯយុវតីម្នាក់ទៀត រងរបួសធ្ងន់ ក្រោយពីត្រូវរថយន្តបែនដឹកដី បើកមកកៀរ និងកិន ហើយរថយន្តបង្កបានបើកព្យាយាមរត់បានប្រហែលជាង២គីឡូម៉ែត្រដី បានរេចង្កូតក្រឡាប់ក្នុងប្រឡាយទឹកស្អុយ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបីក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ (សព) មានឈ្មោះ ស៊ុ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិចាន់លួង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះបើមើលតាមអត្តសញ្ញាណប័ណ្ណ ចំណែកយុវតីស្លាប់ម្នាក់ និងរងរបួសម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយវ័យពួកគេប្រហាក់ប្រហែលគ្នា ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ ឌុបស្រ្តី២នាក់ ម៉ាក Suzuki Lets ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HN-7435 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកដី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រៃវែង 3A.0048 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ក៏បត់ទៅកើតយ៉ាងលឿនបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ យុវជនម្នាក់យុវតីម្នាក់យ៉ាងអាណោចអាធ័ម និងរងរបួសយុវតីម្នាក់ទៀតយ៉ាងធ្ងន់ធ្ងរ ភ្លាមៗ ក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែល ។ ម៉ូតូរបស់ជនរងគ្រោះរងការខូចខាតផ្នែកខាងមុខឡើងរួញយ៉ាងដំណំ ។ ចំណែកឯរថយន្តបង្កក៏បន្ថែមល្បឿនទៅមុខយ៉ាងស្លន់ស្លោ បាន២គីឡូម៉ែត្រដី ក៏រេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ចូលប្រឡាយទឹកស្អុយ ក្រឡាប់ផ្ងារចំហៀង តៃកុងក៏វាយកញ្ចក់ចុះរត់បាត់ស្រមោល ។

ក្រោយពីកើតហេតុសពជនរងគ្រោះ (ប្រុស) ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកសពយុវតីម្នាក់ទៀត យកទៅដំកល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកម៉ូតូ និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖