ព័ត៌មានទាន់ហេតុការណ៍៖

ករណីលួចរថយន្តឡិចស៊ីសLX៤៧០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ជាបន្តបន្ទាប់ និងដកហូតកាំភ្លើងខ្លីចំនួន២ដើម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួននិងបង្ក្រាបជាបន្តបន្ទាប់ ក្នុងករណីផ្សំគំនិតគ្នា លួចរថយន្តឡិចស៊ីសLX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភព 2P4037 ដែលប្រព្រឹត្តិឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨១F ក្នុងបូរីវិមានភ្នំពេញផ្លូវ២០៨ ក្រុមទី៤ ភូមិសង្កាត់ច្រាំចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ-ចន្ទ ៤-៥រោច ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤និង២៥ ខែមីនា​ ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ម៉ម ភារះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២(គ្មានសារធាតុញៀន) ជាអ្នកលួច និងទី២ ឈ្មោះ ស៊ឹមសុខមាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ2v4v ផ្លូវបេតុង ក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ខណ្ឌប្ញស្សីកែវ (គ្មានសារធាតុញៀន) ជាអ្នកផ្សំគំនិត ។ ចំណែកជនរងគ្រោះឈ្មោះ ខាត់ រដ្ឋា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩ គឺជនរងគ្រោះបានចតរថយន្តឡិចស៊ីសLX៤៧០ពណ៌ស្ករ ពាក់ស្លាកលេខភព 2P4037 ទុកនៅខាងមុខផ្ទះរួចចូលដេកបាត់ លុះព្រឹកឡើងទើបដឹងថាបាត់រថយន្តតែម្តង ។ បន្ទាប់ពីកើតហេតុនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅនគរបាលខណ្ឌ និងប៉ុស្តិ៍ ដើម្បីស្វែងរកក្រុមជនសង្ស័យ និងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។

ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ គឺនៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងលេខ ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។ សម្ភារដកហូតបានរួមមាន៖ រថយន្ត១គ្រឿ ម៉ាកលុចស៊ីស ៤៧០ ពណ៌ស្ករ ផលិតឆ្នាំ១០៩៨ ពាក់ស្លាកលេខ ភព2P 4037 លេខតួ+លេខម៉ាស៊ីន១០០០០១៧៦៥៣ ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ ; កាំភ្លើងខ្លី១ដើម ប្រើហ្គាសបាញ់គ្រាប់កាំកង់លេខ១៨C ; និងកូនសោថយន្តចំនួន២ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖