ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ការិយាល័យគាំពារបរិស្ថាន និងការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយការិយាល័យបរិស្ថានក្រុងសែនមនោរម្យ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ចៅសង្កាត់សុខដុម មេភូមិ និងប៉ុស្តិ៍នគរបាលសង្កាត់សុខដុម បានចុះអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមលំនៅដ្ឋាន រមណីយដ្ឋាន និងនៅតាមសាលារៀន ក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ ស្តីពីការគ្រប់គ្រងនិងការវេចខ្ចប់ទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ក្នុងគោលបំណងជួយរួមចំណែកថែរក្សាបរិស្ថាន និងអនាម័យសាធារណៈ។
លោក ជា តារា ប្រធានការិយាល័យគាំពារបរិស្ថាន បានឲ្យដឹងថា ក្រុមការងារបានចុះទៅតាមលំនៅដ្ឋានប្រជាពលរដ្ឋនិងនៅសាលាបឋមសិក្សាឡៅកា ដោយមានការចូលរួមពីចៅសង្កាត់សុខដុម ហើយបានអប់រំប្រជាពលរដ្ឋអំពីការវេចខ្ចប់ និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងការទុកដាក់សំរាមមិនបានត្រឹមត្រូវនាំឲ្យសំរាមប៉ើងរប៉ាត់រប៉ាយ ធ្វើឲ្យបាត់បង់សោភណភាពនៃខេត្តមណ្ឌលគិរី៕