បុរសជនជាតិវៀតណាមម្នាក់ ដែលប្រើឈ្មោះខ្មែរ ហួន ធី ជាអ្នកកសាងបទល្មើសនេសាទដ៏ធំនៅបឹងទន្លេសាប ខេត្តពោធិ៍សាត់ ហើយគាត់ចង់ប្រើកម្លាំងសមត្ថកិច្ច(នគរបាល) ឲ្យចាប់នរណាក៏បាន ។ នៅលើផ្ទៃបឹងទន្លេសាប គេមិនខ្លាចសមត្ថកិច្ចជំនាញដូចជារដ្ឋបាលជលផល ឬនគរបាលសេដ្ឋកិច្ចនោះទេ ។ ផ្ទុយទៅវិញ មន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់២០នាក់ ឬ២០ស្ថាប័ន មានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយជាមួយបុរសឈ្មោះ ហួន ធី ។
នៅក្នុងបញ្ជីរាយនាមមន្ត្រីមានសមត្ថកិច្ច ដែលទទួលបានលាភសក្ការពីបុរសឈ្មោះហួន ធី ជាអ្នកបោះមេ ចែកលុយឲ្យស្ថាប័នជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនានានោះបានបង្ហាញថា មន្ត្រីជំនាញលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលទទួលប្រាក់៣លានរៀល… ជាមួយនោះ ក៏មានមន្ត្រីជលផលផ្សេងទៀតឈ្មោះ ហុង ហ៊ី, តាំង លី, ខុន, ស្វាយ សំអាត, មេខណ្ឌ(ជលផល)២លានរៀល, ប្រធានមន្ទីរ (កសិកម្ម)២លានរៀល ។ ក្រៅពីនេះ ក៏មានមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត ក៏ទទួលបានលាភសក្ការដែលក្នុងនោះមានទាំងមេប៉ុស្តិ៍រាំងទិល, កោះក្អែក… អភិបាលស្រុកកណ្តៀង, បាកាន, អធិការស្រុកកណ្តៀង… ។
នៅក្នុងបញ្ជីអ្នកដែលទទួលប្រាក់ពីឈ្មោះ ហួន ធី ទាំង២០រូប យ៉ាងហោចណាស់ ក៏ម្នាក់ទទួលបាន២០ម៉ឺនរៀល ហើយអ្នកច្រើនគឺ៣លានរៀល ។ អ្នកដែលទទួលបានប្រាក់ពីឈ្មោះហួន ធី ច្រើនជាងគេ គឺឈ្មោះ អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ។ ក្រុមអ្នកនេសាទ នៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់និយាយថា អំណាចរបស់ឈ្មោះ ហួន ធី គឺខ្លាំងសម្បើមណាស់ បើទោះបីជាគេជាជនស៊ីវិល ប៉ុន្តែគេអាចដឹកនាំកម្លាំងនគរបាលបង្ក្រាបបទល្មើសនេសាទបានយ៉ាងងាយ ។ ជាពិសេសអ្នកណាដែលហួន ធី យល់ថា ជាឆ្អឹងទទឹងក គឺត្រូវតែបង្ក្រាបដោយខានមិនបាន ៕