ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលក់នំឆាខ្វៃត្រូវអគ្គិភ័យឆេះអស់គ្មានសល់ គិតជាប្រាក់ខ្ទង់២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះលក់នំឆាខ្វៃ និងបោះពុម្ពធីបការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដែលម្ចាស់អះអាងថា សម្ភារ និងរបស់របរ ដែលត្រូវអគ្គិភ័យឆាបឆេះនោះ គិតជាប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧ និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២ ផ្លូវ៦០៨ ភូមិ២១ ក្រុម១០០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក តំបន់រោងចក្រឆ្នាំង ខាងជើង វត្តនាគវ័ន្ត ។

ផ្ទះដែលត្រូវភ្លើងឆេះនោះ មានទំហំ៨ម៉ែត្រ គុណ១១ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ហេង សាលី ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធ ឈ្មោះ សួស ចន្ថា អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើ នំឆាខ្វៃ និងបោះធីបការ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពេលដែលម្ចាស់កំពុងតែនៅក្នុងផ្ទះស្រាប់តែភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ ភ័យស្លន់ស្លោ នាំគ្នាជញ្ជូនអីវ៉ាន់ចេញខ្លាចភ្លើងឆេះរាលដាល ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ បានទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពុំបណ្តាលឲ្យឆេះរាល់ដាលដល់លំនៅឋានអ្នកដែលនៅជាប់ក្បែរខាងនោះឡើយ ។

តាមស្រ្តីជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែនៅចង្ក្រានបាយ ស្រាប់តែឮសំឡេងផ្ទុះ ហើយអ្នកជិតខាងបានស្រែកហៅថា ភ្លើងឆេះគាត់ក៏បានរត់ចេញមកក្រៅ ដោយពុំបានយកអ្វីទាំងអស់ ។

ស្រ្តីជាម្ចាស់បានឲ្យដឹងថា ការកើតមានអគ្គិភ័យ នេះពុំដឹងថា មូលហេតុធ្វើនោះទេ តែសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង ។

តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅក្នុងការកើតមានអគ្គិភ័យរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅអន្តរាគមន៍បាញ់អស់ទឹក៣គ្រឿង ភ្លើងបានរលត់វិញនៅវេលាម៉ោងប្រមាណ៨ និង១០នាទីព្រឹក ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សម្ភារដែលខូចខាតមាន កង្ហារ៥គ្រឿង, កុំព្យូទ័រ២គ្រឿង, ម៉ាស៊ីនត្រជាក់២គ្រឿង, មុងភួយ, ពូក, ទូរទស្សន៍១គ្រឿង រួមទាំងសម្ភារមួយចំនួនធំទៀតត្រូវភ្លើងឆេះបានរងការខូចខាតទាំងស្រុង ។

ម្ចាស់បានឲ្យដឹងថា សម្ភារដែលត្រូវភ្លើងឆេះគិតជាប្រាក់អស់ប្រមាណជាង២ម៉ឺនដុល្លារ ៕ ធឿនព្រែកជ័យ


ចែករំលែក៖