ភ្នំពេញ៖ នេះជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោមច្រើនគ្រួសារដែលអះអាងថារងគ្រោះដោយថៅកែរណ្តៅដីឈ្មោះហ៊ុន ប៊ុនធឿន ហៅតា លាង រំលោភយកដីគាត់ចំនួនជាង៣ ហិកតា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាលើកបដាសុំធ្វើការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយ រកយុត្តិធម៌ដល់ពួកគាត់ ក្នុងករណីដែលឈ្មួញដីខាងលើប្រើឯកសារក្លែងបន្លំសម្តេចតេជោយកដីក្រុមគ្រួសារគាត់ ហើយបើគ្មានយុតិ្តធម៌ទេពួកគាត់សុខចិត្តស្លាប់លើដីនេះ ។
ជាក់ស្តែងការសុំធ្វើអន្តរាគមន៍ពីសម្តេចតេជោជាលើកទី៣នេះ បានប្រព្រឹត្តទៅនៅនៅព្រឹក ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ នៅមុខដីដែលគេរំលោភក្នុងភូមិខាងលើធ្វើឡើងដោយកូនចៅលោកតា ឃួន ប៉ុន និងយាយ ហួត ងៀប ដែលស្លាប់ទៅហើយនោះបន្សល់ទុកដីនេះឲ្យកូនស្រីឈ្មោះ ងួន សាវ៉ន ជាង៥០ឆ្នាំ ដើម្បីគ្រប់គ្រងយូរឆ្នាំហើយតែក្រោយមកត្រូវឈ្មួញដីឈ្មោះហ៊ុន ប៊ុនធឿន ហៅតា លាង រំលោភយកតាមរយៈប្រើឯកសារក្លែងបន្លំសម្តេចតេជោយកធ្វើប្លង់រឹងជាកម្មសិទ្ធិ ។
ប្រភពរឿងរ៉ាវដីធ្លីនេះបានឲ្យដឹងថា កន្លងមកលោក ហ៊ុន ប៊ុនធឿន ហៅតា លាង បានធ្វើទុក្ខបុកម្នេញព្យុះភ្លៀងមកលើប្រជាពល រដ្ឋជាច្រើនគ្រួសារ ជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យផល ក្នុងរយៈពេលប្រមាណជា ៤ឆ្នាំនេះ ខណៈ លោក ហ៊ុន ប៊ុនធឿន ហៅតា លាង សំអាងលើលិខិតរបស់ទីស្តីការគណៈ រដ្ឋមន្ត្រីលេខ៦៩១ សជណ.ផក. ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោក រដ្ឋលេខាធិការ ស៊ូ ភិរិន្ទ និងយោងលិខិតលេខ ៤៨ លស.រក.គរម. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់សាលារាជធានីភ្នំពេញ និងយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤នោះ ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យ ផលបានលើកឡើង ថា ដីបឹងទំហំ៦,១៦ហិកតា ដែលស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ដែលលោក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើប្លង់រឹងនោះ គឺបានបំពានទាំងស្រុង មកលើដីពួកគាត់ជាមួយនឹងការធ្វើព្យុះ ធ្វើភ្លៀង បង្កបញ្ហាដាក់ប្រជាពលរដ្ឋមិនឈប់ឈរគ្រប់ បែបយ៉ាង តាមរយៈយក សជណ លេខ៦៩១ ដែលបានមកពីការក្លែងបន្លំ ភូតភរអាជ្ញាធរ និងប្រមុខរដ្ឋាភិបាល តាមរយះអះអាងថា ខ្លួនជាម្ចាស់ដីដើម ដែលមានឯកសារសំអាង ។
ប្រភពពីប្រជាពលរដ្ឋដែលជាម្ចាស់ដីដើម មានឈ្មោះ ងួន សាវ៉ន ភេទស្រី ជាង៥០ឆ្នាំ និងកូនចៅរបស់គាត់ប្រមាណជិត២០នាក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះថា ធាតុពិត ដីបឹងនេះពួកគាត់ មានឯកសារសំអាងពិតប្រាកដ តែលោក ហ៊ុន ប៊ុនធឿនវិញ គ្មានឯកសារពិត ប្រាកដនោះទេ មានតែឯកសារក្លែងបន្លំផ្សេងៗ ធ្វើជាមធ្យោបាយ ក្នុងចេតនាទុច្ចរិត ក្លែងបន្លំ ភូតភរអាជ្ញាធរ និងសម្តេចតេជោហ៊ុន សែន ដើម្បីរត់ការយក សជណ ធ្វើប័ណ្ណកម្មសិទ្ធិ ក្នុង គោលបំណងលុបដីបឹងលក់តែប៉ុណ្ណោះ ។ ដោយលោក ហ៊ុន ប៊ុនធឿន រត់ការណ៍ភូតកុហកសម្តេចនាយក រដ្ឋមន្ត្រីថា ខ្លួនជាម្ចាស់ដីដើម គឺម្ចាស់ដើមមានឯកសារគ្រប់គ្រាន់ ហើយសុទ្ធតែនៅរស់នៅ ឡើយ និងមានឯកសារសំអាងត្រឹមត្រូវ ក្នុងនោះពួកគាត់កំពុងប្តឹងពីបុគ្គលហ៊ុន ប៊ុនធឿន ប៉ុន្តែ អាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ មិនខ្វល់នឹងទឹកភ្នែករបស់រាស្ត្រ រងគ្រោះ ដោយបុគ្គលហ៊ុន ប៊ុនធឿន នេះធ្វើបាបឡើយ ។ បច្ចុប្បន្ន ហ៊ុន ប៊ុនធឿន ហៅតា លាង បានយក សជណ លេខ៦៩១ និងប័ណ្ណកម្មសិទ្ធិ ដែល បានមកពីការភូតកុហក សម្តេចតេជោហ៊ុន សែន ធ្វើជាភស្តុតាងដើម្បីប្តឹងផ្តល់ប្រជាពលរដ្ឋជា ច្រើនគ្រួសារ ជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យផលទៅតុលាការ ក្នុងចេតនាធ្វើបាប ។
មិនតែប៉ុណ្ណោះ ការអនុវត្ត សជណ ខាងលើនេះ ក៏មិនចំគោលដៅ លើសពីអ្វី ដែលមានទំហំដីបឹងក្នុង សជណ លេខ៦៩១ នេះថែមទៀត ។
គួរបញ្ជាក់ថា ដោយសារ សជណ នេះ បច្ចុប្បន្ន បុគ្គល ហ៊ុន ប៊ុនធឿន ហៅតា លាង បានធ្វើសកម្មភាព ដឹកជញ្ជូនដីខ្សាច់ ចាក់លុបបឹងតាម សជណនេះ ហើយប្រជាពលរដ្ឋ ជាច្រើនគ្រួសារជាម្ចាស់ដីដើមបានប្តឹងតែអាជ្ញាធរមិនរវីរវល់អើពើ ធ្វើការដោះស្រាយទេ ។ ក្នុងនោះ ការចាក់លុបបឹងនេះទៀតសោត គឺលោក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើឡើង ដោយគ្មានគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ដោយការបំពងសម្លេងរថយន្តគ្រឿងចក្រ រំខានដល់ការទទួលទានដំណេក និងគ្មានគិតពីពេលវេលាសម្រាករបស់ប្រជាពលរដ្ឋនោះទេ ចាក់ទាំងយប់ ទាំងថ្ងៃ ស្ទើរគ្រប់ម៉ោង បំពងសំឡេងងយ៉ាងខ្លាំងបំផុត ។
ពាក់ព័ន្ធការសុំធ្វើអន្តរាគមន៍ពីសម្តេចតេជោ របស់ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន ប្រមាណជា២០នាក់ បានសុំការធ្វើអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្តីក្រសួងហាមផ្ទៃនិងលោក ជា សុផារ៉ា ឧបកនាយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយសារើលើសំណុំរឿងដីរបស់ពួកគាត់ឡើងវិញផង ហើយបើគ្មានយុត្តិទៀតពួកគាត់សុខចិត្តស្លាប់នៅលើដីនេះចុះ ៕ ស តារា