ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ពីរ​នាក់​បើក​ម៉ូតូ​​បញ្ច្រាស​ទិស​​ បានបុកគ្នា នៅ​តំបន់​ឃ្លាំង​លើ ​ក្រុងព្រះសីហនុ ហើយ​មាន​រថយន្ត​មក​បុក​ថែម​ទៀត​ ម្នាក់​ស្លាប់​ ម្នាក់ទៀត​របួសធ្ងន់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មាន​របស់ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ នៅវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០១៩ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅ​ផ្លូវជាតិ​លេខ​៤​ តំបន់​ឃ្លាំង​លើ​ ក្នុងសង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ បណ្តាល​ឲ្យ​បុរស​២នាក់ ម្នាក់​ស្លាប់​ ម្នាក់ទៀត​រង​របួស​ធ្ងន់។

​ប្រភពដដែល បានបញ្ជាក់ថាៈ​ នៅ​វេលា​ម៉ោង​​ ខាង​លើ​ មាន​ម៉ូតូ១គ្រឿង​ ម៉ាក EXCITER ពណ៌ខ្មៅ-ក្រហម គ្មានស្លាក លេខ អ្នកបើកបរឈ្មោះសុន ណារីម ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកគ្នា ជាមួយ​ម៉ូតូ១គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខ កែប1A-1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុង​ពេលភ្លាមៗនោះ​ ស្រាប់តែ​មានរថយន្តធុនធំ​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ បុក​កិន​ថែម​ទៀត រថយន្ដ​នោះ​ម៉ាក​ Sterling ស្លាកលេខ ភ្នំពេញ3C-3319 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចបាត់ពីកន្លែងកើតហេតុ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់នេះ​ បណ្ដាលឲ្យស្លាប់ មនុស្ស​ម្នាក់​ និង​រង​របួស​ធ្ងន់​ម្នាក់។ សូមញ្ជាក់ថាអ្នកបើកបរម៉ូតូទាំងពីរ មានស្ថានភាពស្រវឹងស្រា និង មិនមានពាក់មួកសុវត្ថិភាពទេ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖