ព័ត៌មានទាន់ហេតុការណ៍៖

អេស្ការវ៉ាទ័រកាយដីភូមិ ប៉ះចំគ្រាប់បែក ទម្ងន់ជិត១០០គីឡូក្រាម សំណាងមិនផ្ទុះនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ អេស្ការវ៉ាទ័រមួយគ្រឿងបានកាយដីប៉ះចំគ្រាប់បែកមួយគ្រាប់ សល់ពីសម័យសង្គ្រាម ដែលមានទង្ងន់ជិត១០០គីឡូក្រាម ប៉ុន្តែសំណាងល្អមិនផ្ទុះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ កំពោតទូក ឃុំ គគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរសោមបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីឈ្មោះ ងេម អ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិ កំពោតទូក ឃុំ គគីរសោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងថា មានការប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅខាងក្រោយផ្ទះរបស់គាត់ប្រហែល៧០ម៉ែត្រ និងខាងកើតវត្តសិរីឧត្តម (ហៅវត្តកំពោតទូក) ១០០ម៉ែត្រ ខណៈគ្រាប់បែកដែលពលរដ្ឋប្រទះឃើញនោះ មិនដឹងថា ផលិតនៅប្រទេសណានោះទេ ហើយក៏មិនដឹងថា បាញ់ ឬទម្លាក់នៅក្នុងសម័យសង្គ្រាមណានោះដែរ ទាល់តែជំនាញខាងសុីម៉ាក់ទើបដឹងថា ជាប្រភេទអ្វីផលិតនៅឆ្នាំណា ។

តាមសមត្ថកិច្ចបានបញ្ជាក់ទៀតថា គ្រាប់ដែលប្រទះឃើញនោះ មានទទឹង៣តឹកកន្លះ ប្រវែងប្រហែលមួយម៉ែត្រ មានក្បាលគីបជិតមួយតឹក ទង្ងន់ប្រហែល១០០គីឡូក្រាមមាន ស្លាប កង្ហារ និងមានអក្សរបារាំងមួយជួរ ដាក់ឆ្នាំ១៩៦៥ ផងដែរ ហើយកន្លងមក ប្រហែលមួយឆ្នាំមុន មានជនជាតិគេមកស្វែងរកផងដែរ តែមិនត្រូវគោលដៅ ខុសគោលដៅតែ៣០ម៉ែត្រ ពីកន្លែងប្រទះឃើញប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញចបានបោះរបងព័ទ្ធជុំវិញដើម្បីកុំឲ្យពលរដ្ឋមកប៉ះពាល់ក្រែងមានគ្រោះថ្នាក់ដោយប្រការណាមួយ ឬអាចមានសារធាតុគីមី ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន


ចែករំលែក៖