ខេត្តកំពង់ចាម ៖ ធ្វេសប្រហែល ខ្វះការយកចិត្តទុកដាក់តែមួយភ្លែត ទ្រព្យសម្បត្តិត្រូវរលាយបាត់សូន្យ នោះគឺអគ្គិភ័យបានឆាបឆេះរាលដាលជាច្រើនខ្នងឆេះអស់ទាំងស្រុង ។
នគរបាលផ្នែកអគ្គិភ័យឲ្យដឹងថា ហេតុការណ៍ នេះកើតឡើងស្ថិតនៅឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីវេលាម៉ោងជិត៦ ព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។
នគរបាលបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជាការធ្វេសប្រហែសរបស់ពលរដ្ឋ ទើបបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ខណៈកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការស្រុក រថយន្តពន្លត់អគ្គិភ័យស្នងការ និងប្រើប្រាស់ទឹកជាច្រើនដើម្បីសង្គ្រោះ និងទប់ស្កាត់អំណាចភ្លើងកុំឲ្យឆេះ រាលដាលដល់លំនៅឋានផ្សេងទៀត ប៉ុន្តែគួរ ឲ្យសោកស្តាយ មុនរថយន្តទៅដល់ភ្លើងបានឆេះផ្ទះអស់ ៧ខ្នងទៅហើយ ។ ចំពោះសម្ភារ និងទ្រព្យសម្បត្តិខូចខាតនៅមិនទាន់វាយតម្លៃបាននោះទេ ។
តាមរបាយការណ៍អាជ្ញាធរមានសមត្ថកិច្ចឲ្យដឹងថា លំនៅឋានចំនួន៧របស់ប្រជាពលរដ្ឋដែល ត្រូវភ្លើងឆេះមានម្ចាស់ឈ្មោះ ១-ឈ្មោះ សេង ផូ ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ២-ឈ្មោះ អំ យ៉ាត ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ២-ឈ្មោះគ្រុយ សៅ ផ្ទះទំហំ៦គុណ៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ៤-ឈ្មោះសយ ផល ផ្ទះទំហំ៦.៥ម៉ែត្រ គុណ៩ម៉ែត្រធ្វើពីឈើប្រក់ក្បឿង ៥-ឈ្មោះស៊ីម ណាក់ ផ្ទះទំហំ៥ម៉ែត្រ គុណ៩ម៉ែត្រធ្វើពីឈើ ប្រក់ដែក ៦-ឈ្មោះដា ភាព ផ្ទះទំហំ៧ម៉ែត្រគុណ១៣ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង និងទី៧-ឈ្មោះយីម យ៉ុន ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រធ្វើពីឈើ ប្រក់ដែក ៕ វណ្ណៈ