ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ្នកគួកជេ ហួន ធី ថាចំណាយ​ច្រើនណាស់​ឲ្យសមត្ថកិច្ច​

ចែករំលែក៖

តាមពិតទៅ​បទល្មើសនេសាទ នៅបឹងទន្លេសាប​ក្នុងខេត្តពោធិ៍សាត់ ស្ថិតក្រោមការគ្រប់គ្រងរបស់បុរសជនជាតិវៀតណាម ឈ្មោះ ហួន ធី ទាំងស្រុង ។ បណ្តាជនណា​ដែលចង់ប្រព្រឹត្តល្មើស​ មិនស្ថិតនៅក្រោមបញ្ជារបស់ហួន ធី ត្រូវប្រឈមនឹងការចាប់ញាត់គុក ។ បច្ចុប្បន្ន នៅ​តំបន់បឹងទន្លេសាប​ក្នុងខេត្តពោធិ៍សាត់ មានបទល្មើស​អួន ហ៊ុំ ច្រើនជាង៥០វង់ ។ បុរសឈ្មោះ ហួន ធី ជាអ្នកបោះមេ តាមរយៈការចុះប្រមូល​លុយពីម្ចាស់​អួន ហ៊ុំ យកទៅចែករំលែក​ឲ្យសមត្ថកិច្ចគ្រប់​ផ្នែក គ្រប់ជាន់ថ្នាក់ ។

ការបែកធ្លាយ​អំពីការបែងចែក​ផលលាភ​ជូនមន្ត្រី​នៅខេត្តពោធិ៍សាត់ ជាពិសេស​បណ្តាស្រុក​ជាប់បឹងទន្លេសាប ត្រូវបានប្រភពបន្ថែមថា ក្រដាស​ស្នាមនោះត្រូវបានបុរសឈ្មោះ ហួន ធី ធ្វើឡើង​កាលពីខែមុន នៅ​ហាងកាហ្វេមុខ​អធិការដ្ឋាននគរបាលស្រុកក្រគរ ដែលក្នុងនោះ សូម្បីអធិការរងស្រុកក្រគរ​មួយរូប​ ក៏បានឃើញ​ក្រដាសស្នាមនៃការបែងចែកផលប្រយោជន៍​នោះដែរ ។ នៅក្នុង​ការបែងចែក​នោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា មេ (ទំនងជាថ្នាក់ដឹកនាំខេត្ត) ក្នុងមួយវង់ អួន ហ៊ុំ ត្រូវបង់​១៦លានរៀល ។ សាកគណនាមើលថា តើ​បើ​មាន អួន ហ៊ុំ ៥០វង់ មេនោះ ទទួលបានប្រាក់ប៉ុន្មាន? រីឯមន្ត្រីផ្សេងៗទៀត ដូចជាអគ្គនាយករដ្ឋបាលជលផល ក្នុងមួយវង់បាន៣លានរៀល ចុះបើ​៥០វង់ បានប៉ុន្មាន? នៅមានមន្ត្រី​តាមផ្នែកជំនាញជលផល ដែលមួយវង់នៃ អួន ហ៊ុំ ត្រូវទទួលបានផលលាភ​យ៉ាងហោចណាស់​២លាន​រៀល ។

ការបែកធ្លាយលិខិតស្នាមបែងចែកផលលាភនេះ ធ្វើឲ្យបុរសឈ្មោះ ហួន ធី ក្តៅក្រហាយជាខ្លាំង ហើយបានបញ្ជាឲ្យដៃជើង ដែលលេង​ហ្វេសប៊ុក ក៏ដូចជា​គេហទំព័រខ្លះ ជេរប្រមាថដោយគ្មានមូលដ្ឋានលើគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយនានា ដែលបានចុះផ្សាយ អំពីលិខិតស្នាម​បែងចែក​ផលលាភនោះ ។ វាជារឿងអាម៉ាស់ មិនមែនសម្រាប់បុគ្គលឈ្មោះ ហួន ធី នោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវ​របស់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ទាំងមូល ។ ករណីនេះ គួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើអ្វីដែលហួន ធីបានធ្វើ វាជាការពិត​ឬយ៉ាងណា ពីព្រោះថា មានមនុស្សយ៉ាងតិច​២០នាក់ ស្ទើរគ្រប់ស្ថាប័ន ដែលជាអ្នកទទួលបានផលប្រយោជន៍ពីហួន ធី ក្នុងរឿង​បទល្មើសនេសាទអួន ហ៊ុំ តែមួយមុខប៉ុណ្ណោះ ។

អ្វីដែលជា​ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ​កំប៉ិកកំប៉ុក​នៅតំបន់បឹងទន្លេសាប ក្នុងស្រុកកណ្តៀង ក៏ដូចជាស្រុកក្រគរមើលឃើញថា អំណាច​របស់ហួន ធី ខ្លាំងហួសប្រមាណ ចង់ចាប់អ្នកណាដាក់គុក ក៏បាន បើយល់ថា អ្នកនោះជាឆ្អឹងទទឹងក ក្នុងការធ្វើឲ្យរាំងស្ទះផលប្រយោជន៍របស់ពួកគេ ។ មិនតែប៉ុណ្ណោះ មាន​អ្នកលេងហ្វេសប៊ុកខ្លះ ក៏ដូចជា​គេហទំព័រមួយចំនួន បែរជា​មកខាំទាំងទទឹងទិស​លើបណ្តាញផ្សព្វផ្សាយ ដែលមានវិជ្ជាជីវៈត្រឹមត្រូវទៅវិញ ។ ក្នុងបញ្ហានេះ នរណា​ក៏ដឹង​ដែរថា ហួន ធី គឺជាមេខ្លោង​ដែល​ជាអ្នកស្វែងរកផលប្រយោជន៍ឲ្យថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធនានានៅលើបឹងទន្លេសាប ៕


ចែករំលែក៖