ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីបរិស្ថានខេត្ដ៖ ហ្វូងដំរីព្រៃបង្ហាញខ្លួននៅក្រោយអគារសាលាស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគីរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សត្វដំរីព្រៃជាច្រើនក្បាល បានបង្ហាញខ្លួនចាប់តាំងពីសប្តាហ៍កន្លងទៅ រហូតមកដល់ថ្ងៃនេះ នៅតាមតំបន់ព្រៃ ចម្ងាយប្រមាណ១០០ម៉ែត្រខាងក្រោយអគារសាលាស្រុកកែវសីមា ស្ថិតនៅ ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្ដីបរិស្ថានខេត្ដមណ្ឌលគិរី។

លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តទទួលបន្ទុកដែនជម្រក សត្វព្រៃកែវ សីមា បានឱ្យដឹងថា មានដំរីព្រៃចំនួន ៧ ក្បាល ក្នុងនោះមាន ២ក្បាល មានវ័យស្ទើរជំទង់ កំពុងដើរស្វែងរកស៊ីចំណី និងផឹកទឹកនៅក្បែរភូមិ អូរអាម ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ស្ទើររៀងរាល់ល្ងាច ចន្លោះពីម៉ោង ៥ ទៅម៉ោង ៦ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា មក។ លោក បានបន្ដថា ហ្វូងដំរីទាំងនោះ បានមកស៊ីចេក ឫស្សី និងរុក្ខជាតិតូចៗ ដែលដុះនៅលើដីឡូត៍ របស់អ្នកភូមិទុកចោលនៅក្បែរសាលាស្រុក ហើយក៏វិលត្រឡប់ទៅកាន់ជម្រករបស់វា នៅក្នុង ព្រៃវិញ បន្ទាប់ពីបានផឹកទឹករួច។ លោកបានបន្ដថា ហ្វូងដំរីនោះតែងបង្ហាញខ្លួននៅក្បែរៗ ភូមិរបស់អ្នកស្រុកបីឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែនេះជាលើកទីមួយ ដែលដំរីទាំងនោះ ចូលមក ជិត ភូមិរបស់អ្នកស្រុកជាងសព្វដង។ លោកបានធ្វើការសន្និដ្ឋានថា គោលបំណង សំខាន់ របស់ដំរីទាំងនោះគឺមករកទឹកផឹក ព្រោះប្រភពទឹកភាគច្រើននៅតាមទីជម្រករបស់ពួកវា អាច រីងហួតអស់ក្នុងកំឡុងរដូវប្រាំងនេះ។ លោកបានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ២០១៩ វេលាម៉ោង ៥ និង៤៥ នាទី ដំរី៣ក្បាល ក្នុងចំណោមដំរីទាំង៧ក្បាល បានដើរ ចូលមករកស៊ីចំណីកាន់តែជិតគឺចម្ងាយប្រហែលតែ៣០ម៉ែត្រ ប៉ុណ្ណោះពីក្រោយអគារសាលា ស្រុកកែវសីមា។

ជាមួយគ្នានេះដែរ បុគ្គលិកប្រចាំតំបន់របស់អង្គការ WCS និងមន្ត្រីបរិស្ថានខេត្ត បាន តាមឃ្លាំមើលដំណើរផ្លាស់ទីរបស់ហ្វូងដំរីនោះយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈ ជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើដំរីទាំងនោះវាយប្រហារអ្នកភូមិ។ រហូតមកដល់ ពេល នេះ ហ្វូងដំរីទាំងនោះមិនទាន់បង្កឱ្យមានការខូចខាតអ្វីទេ។

លោក អន អាត មន្ត្រីរបស់អង្គការ WCS បានថ្លែងថា ដោយសារតែប្រជាជននៅក្នុង និងជុំវិញតំបន់ដែនជម្រកសត្វព្រៃកែវសីមាមានចំនួនច្រើន និងចំនួនសត្វដំរីច្រើនបំផុតដែល នៅសេសសល់រស់នៅក្បែរគ្នា ដូច្នេះ វិវាទរវាងមនុស្ស និងសត្វដំរី អាចនឹងកើតមានឡើង។ កាលពីឆ្នាំ២០១៨កន្លងមក មានវិវាទរវាងមនុស្សនិងសត្វដំរីមួយចំនួនកើតមាននៅក្នុង ភូមិ ចំនួន ១១ ដោយបង្កឱ្យមានការខូចខាតដល់ផលដំណាំជាច្រើនដូច ស្រូវ ស្វាយចន្ទី និងចេក។ ការបង្ហាញខ្លួនជារៀងរាល់ឆ្នាំរបស់សត្វដំរីព្រៃទាំងនោះ បានបង្ហាញថា ចំនួនសត្វដំរីព្រៃទាំង អស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ គឺទទួលបានការការពារយ៉ាងល្អ ក្រោមគម្រោង គាំទ្រព្រៃឈើនិងជីវចម្រុះ ដែលឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ របស់ សហរដ្ឋអាមេរិក (USAID) ចាប់ពីឆ្នាំ ២០១២ ដល់២០១៦។ បច្ចុប្បន្ននេះ តំបន់ដែន ជម្រកសត្វព្រៃកែវសីមា បានក្លាយជាទីជម្រករបស់សត្វដំរីព្រៃអាស៊ីចំនួនប្រហែល១១៥ ក្បាល៕ ហេង សូរិយា


ចែករំលែក៖