ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សកម្មភាពឆក់តាមផ្លូវថយចុះ ក្រោយបំបែក​សម្បុកគ្រឿងញៀន​នៅរ៉ក់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ កត់សម្គាល់​តាមរយៈ​បណ្តាញផ្សព្វផ្សាយនានា ឃើញថា សកម្មភាព​ចោរឆក់​តាមដងផ្លូវ​មួយរយៈ​ចុងក្រោយនេះ​ ហាក់ដូចជាថយចុះជាងមុនបន្តិច បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប​គ្រឿងញៀនទ្រង់ទ្រាយធំ​នៅមជ្ឈមណ្ឌលកម្សាន្ត​រ៉ក់ ។ មិនដឹងថា តើ​ប្រជាពលរដ្ឋដទៃទៀត​នៅក្នុងទីក្រុងមួយនេះកត់សម្គាល់​ដូច​ខ្ញុំបាទដែរឬយ៉ាងណានោះទេ? តាមការកត់សម្គាល់ នេះបញ្ជាក់ថា បញ្ហាឆក់នៅរាជធានីភ្នំពេញ ភាគច្រើនលើសលប់​បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ។ មានន័យថា ពួកអ្នកឆក់ធ្វើសកម្មភាពបាន យកលុយទៅទិញថ្នាំញៀន​ប្រើប្រាស់ ហើយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ គឺជាទីតាំង​នៃការ​ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។

ដើម្បីរួមចំណែកកាត់បន្ថយអំពើឆក់ប្លន់ អាជ្ញាធរត្រូវ​លុបបំបាត់​ការប្រើប្រាស់​និងជួញដូរគ្រឿងញៀន​ឲ្យខាងតែបាន ។ តាមការតក់សម្គាល់​អំពើឆក់​ ប្លន់ បានកើតឡើងរីករាលដាលដល់ទីជនបទ ក៏ព្រោះតែ​នៅទីជនបទនោះ ក៏មានការជួញដូរ និងប្រើប្រាស់​គ្រឿងញៀនដែរ ។ ដូច្នេះ និយាយឲ្យខ្លី ទីណាមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទីនោះពិតជាមានអំពើឆក់​ប្លន់មិនខានឡើយ ។ ក្រៅពីនោះ វាក៏អាចឲ្យមានអំពើហិង្សាផ្សេងៗទៀត​នៅក្នុងគ្រួសារផងដែរ ។ និយាយរួមទៅ គ្រឿងញៀន​ជាឫសគល់​ឲ្យមានបញ្ហានៅក្នុងសង្គម ដូចជាអំពើឆក់ប្លន់ និងអំពើហិង្សាជាដើម ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរ​ត្រូវ​បង្ហាញសុឆន្ទៈ​ពិតប្រាកដ​ក្នុងការបង្ក្រាប​គ្រឿងញៀន ។

នៅរាជធានីភ្នំពេញ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើតមានទាំងលួចលាក់ និងបើកចំហរ ។ អាជ្ញាធរមានសមត្ថកិច្ច​បានប្រឹងប្រែង​ក្នុងការបង្ក្រាប​បទល្មើសនៃការជួញដូរ និងប្រើប្រាស់​គ្រឿងញៀននោះដែរ ប៉ុន្តែ​ហាក់ដូចជាមិនទាន់​គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយនៅឡើយ ។ នៅមានការជួញដូរ និងប្រើប្រាស់​គ្រឿងញៀន ដែលពួក​ឈ្មួញ​កំពុងធ្វើ​សកម្មភាព​នៅពេលដែលសមត្ថកិច្ចចន្លោះប្រហោង ។ ដូច្នេះ វិធានការជាបន្ត គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្ក្រាបឲ្យអស់ចំពោះទីតាំងនៃ​ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីរួមចំណែក​ផ្តល់សុវត្ថិភាព សន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ។ ប្រសិនបើ​នៅតែបណ្តែតបណ្តោយ​ឲ្យមានទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនទៀតនោះ អំពើអសកម្ម​ក្នុងសង្គម ដូចជាចោរឆក់ ប្លន់ អំពើហិង្សា​ក្នុងគ្រួសារ នៅតែបន្តកើតមានដដែល ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖