ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ ស្លាប់ ចំណែកម្ចាស់គោយន្ត រត់គេចខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតូបុកគោយន្តបណ្ដាលឲ្យស្លាប់ ចំណែកម្ចាស់បើកគោយន្តរត់គេចខ្លួន កាលពីវេលា ម៉ោង១៧និង២០នាទី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចផ្លូវចូលទៅភូមិអន្លង់សា ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ វ៉ាន់ សុមនៈ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់ ចំណែកអ្នកបើបរគោយន្តកន្ត្រៃម៉ាកKUBOTA ពណ៌ក្រហម រ៉ឺម៉កដែក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេខ្លួនបាត់ ។

លោកមាស រិទ្ធីអធិការស្រុកព្រះនេតព្រះបញ្ជាក់ថា៖ មុនកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហម រ៉ឺម៉កដែក បើកបរឡើងមកពីផ្លូវលំ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបត់ទៅខាងឆ្វេងដៃ ទៅទិសខាងលិច ដោយមិនមើលពីស្ថានភាពគ្រោះថ្នាក់ ក៍ស្រាប់តែពេលនោះមានម៉ូតូមួយគ្រឿងម៉ាកZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប 1V-7903 បើកបរដោយឈ្មោះវ៉ាន់ សុមនៈ ភេទប្រុស អាយុ១៨ឆ្នាំ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ទើបបណ្តាលឲ្យបុកគ្នា កើតមានគ្រោះថ្នាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ចំពោះម៉ូតូនិងគោយន្តកន្ត្រៃ ខូចខាតស្រាល កម្លាំងនគរបាលជំនាញយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីស្រាវជ្រាវ រកម្ចាស់គោយន្តមកដោះស្រាយ ចំពោះសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ គេឃើញសកម្មភាពរបស់កងម្លាំងជំនាញនគរបាលចរាចរ បានខិតខំព្យាយាម ក្នុងផ្សព្វផ្សាយ និង បានបំពាក់ចំណាំងផ្លាតដល់គោយន្តកន្ត្រៃ ពេលធ្វើចរាចរណ៍លើផ្លូវជាតិ ប៉ុន្ដែម្ចាស់គោយន្តមួយចំនួនហាក់បីដូចជាមិនអនុវត្តតាមសមត្ថកិច្ចជំនាញនោះឡើយ ហើយគួរតែសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលជាម្ចាស់គោយន្ត ព្រោះករណីម៉ូតូបុកគោយន្តកើតច្រើនករណីមកហើយ ៕ វណ្ណា


ចែករំលែក៖