ខេត្តស្ទឹងត្រែង៖ សកម្មកភាពឈ្មួញដឹងឈើស្របច្បាប់ មានPCរបស់ក្រុមហ៊ុនសៀមុន លួចបង្កប់ឈើប្រណីតជាច្រើនសន្លឹក ត្រូវបានសមត្ថកិច្ច ចម្រុះចុះឃាត់ និងត្រួតពិនិត្យ រកឃើញឈើប្រណីតបង្កប់ខុសច្បាប់ ជាច្រើន តើជំនាញរដ្ឋបាលព្រៃឈើ គិតយ៉ាងណា ក្នុងបញ្ហានេះ ដែលខ្លួនចេញច្បាប់ឲ្យក្រុមហ៊ុននោះ តើបានត្រួតពិនិត្យ ឬទេ ឬចេះតែធ្វើដូចអាជ័យធ្លាក់ទឹក ហៃអើៗ ដល់ពេលកម្លាំងសង្ស័យ ត្រួតពិនិត្យឆែកឆេរ ទើបដឹងថា ត្រីងៀតឆ្លៀតពង ត្រីជាប់មងឆ្លៀតបណ្តើរកូន រកឃើញឈើប្រណីតជាច្រើន ។
ហេតុការណ៍ឃាត់រថយន្តទាំងពីរគ្រឿងនេះ ធ្វើឡើង នៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ចំណុចគល់ស្ពានសេកុង ជិតប៉ុស្តិ៍សាមគ្គី ស្ថិតក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រៃង។
ប្រភពនៅកន្លែងបាននិយាយថា រថយន្តប្រភេទ V1 ខាងលើបានដឹកឈើលេខ២ ប្រភេទជម្រុះ ជាឈើផ្លាន៥ បួនជ្រុង ជារបស់ក្រុមហ៊ុនសៀ មុន ចេញពីចំណុចវាលប៉ារ៉ា ស្ថិតក្នុងស្រុកសៀមប៉ាង។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនមួយនេះ ដែលគេដឹងថា ជាក្រុមហ៊ុនចិន ធ្វើកុងប្លាកេ នាំចេញទៅប្រទេសចិន តែពេលនេះ គេក៏ធ្វើ ជាអារច្រៀក ចេញជាឆ្អឹងពិតាន និងរបា ៥បួនជ្រុងនាំចេញទៅប្រទេសខ្លួនផងដែរ ថែមទាំងលួចបង្កប់ឈើប្រណីតថែមទៀត ទើបសមត្ថកិច្ចចម្រុះឃាត់ និងសួរនាំ រួចសុំយោបល់លោកអភិបាលនៃគណៈអភិបាលខេត្ត ទើបបញ្ជាឲ្យនាំមករដ្ឋបាលព្រៃឈើ ឆែកឆេរ ទើបដឹងថា មានឈើប្រណីតបង្កប់ពិតប្រាកដមែន តើសមត្ថកិច្ចអ្នកចេញច្បាប់ PC ឲ្យនោះ គួរគិតយ៉ាងណា ក្នុងករណីនេះ?
ចំណែកជាក់លាក់ច្បាស់លាស់យ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយនោះទេ នៅរសៀលថ្ងៃទី២៨ ខែមីនា ព្រោះជំនាញកំពុងធ្វើការ និងត្រួតពិនិត្យបន្ត ។
គួររំលឹកថា បច្ចប្បន្ននេះ ច្បាប់រិតបន្តឹងក្នុងការចរាចរណ៍ ដឹកជញ្ជូនផលអនុផលព្រៃឈើ ឈ្មួញតែងតែ ប្រើល្បិចត្រីងៀតឆ្លៀតពង ធ្វើរូបភាពដឹកជញ្ជូនស្របច្បាប់ តែលួចបង្កប់នូវឈើប្រណីត និងអាចឆ្លៀតផ្ទុកថែមលើសទម្ងន់ ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួច អាចលួចដាក់ថែមជាក្រោយរួចពួកគេសំអាងទៅលើ PC គ្មានសមត្ថកិច្ចណាខ្វល់ និងមិនចាប់អារម្មរណ៍នោះឡើយ ។
ដូចជាករណី រថយន្តដឹកឈើចេញពីទំនប់វារី អគ្គិសនីសេសានក្រោម ពីសកម្មភាពដឹកជញ្ជូនឈើចេញ ដូចព្យុះ មិនខុសអី ពីពាក្យមួយឃ្លាពោលថា អាងស្តារមិនចេះរីងស្ងួត ព្រោះអាងនោះ បិទមិនជិត ឈើនៅតែដឹក ព្រោះព្រៃឈើនៅមិនទាន់អស់ ឈ្មួញ និងសមត្ថកិច្ច នៅតែឃុបឃិតគ្នា គ្រប់រូបភាពដដែល ទោះច្បាប់រិតបន្តឹងយ៉ាងណាក៏ដោយ ៕ មាស សុផាត