ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ប្រឹងប្រែងធ្វើកម្មករ​សំណង់ អកុសលបានធ្លាក់ពីសំណង់ផ្ទះល្វែងជាន់ទីមួយ​ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖​ ព្រោះតែជីវភាពក្នុងគ្រួសារមានការខ្វះខាតច្រើន ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់​រួមជាមួយនឹងប្តី បានមកធ្វើជាកម្មករសំណង់ នៅការដ្ឋានសង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិ​រលួស​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ តែអកុសល ស្ត្រីជាប្រពន្ធបានធ្លាក់ពីសំណងផ្ទះល្វែងជាន់ទីមួយ​ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ កាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ​ មឹល​ ក្រមុំ​ អាយុជាង៥០ឆ្នាំ​ ស្នាក់នៅក្នុងការដ្ឋាន​សំណង់ ​មានស្រុកកំណើតភូមិស្រម៉រ​ ឃុំត្រពាំងស្រែ​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ។

បើតាមសម្តីរបស់បុរសជាប្តីរបស់សពស្ត្រីខាងលើបាន​និយាយរៀបរាប់ថា​ កាលពីយប់ថ្ងៃទី២៨នេះ​ ប្រពន្ធរបស់គាត់បានរអ៊ូថា​ វិលមុខនឹងមិនស្រួលខ្លួន​ហើយពេលនោះរូបលោក ក៏បានឃាត់ប្រពន្ធមិនឲ្យទៅធ្វើការដែរ ប៉ុន្តែប្រពន្ធគាត់និយាយថា​ ជិតចូលឆ្នាំហើយបើមិនប្រឹងទេ មានលុយឯណាសម្រាប់ទៅស្រុក​កំណើត​ធ្វើបុណ្យទាននឹងគេ​ ក្រោយពីនិយាយចប់ ក៏នាំគ្នាសម្រាក​ លុះព្រឹកឡើងក៏បន្តការងារធម្មតា​ ដោយប្រពន្ធគាត់បានឡើងទៅជាន់ទីមួយដើម្បីចង​ចម្រឹងបន្ទះក្តារចាក់ពុម្ពសសរ​ ស្រាប់តែពេល​នោះ​ មិនដឹងថា គាត់វិលមុនឬក៏ធ្វេសប្រហែសយ៉ាងម៉េចទេ​ ក៏បានធ្លាក់ផ្ងារក្រោយមកក្រោមបោកផ្ទប់ដុំថ្ម​បណ្តាលឲ្យបែកក្បាលរងរបួសសន្លប់ស្តុកស្តឹង​ ហើយភ្លាមៗនោះបងប្អូនកម្មកររួម​ការងារជាមួយគ្នាបានស្រវេស្រវ៉ា​ជួយលើកដឹកយកទៅ​ពេទ្យ​ តែអកុសលពេលទៅដល់មន្ទីរពេទ្យគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ។ បុរសជាប្តីបានបន្តថា ក្រោយពីដឹងលទ្ធផលថា ប្រពន្ធស្លាប់ក៏បានដឹកសពមកទីតាំងការដ្ឋាន​សំណង់វិញ ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។

សមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍​ភ្លាមៗ​ ក៏បានសហការជាមួយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច័យ​ ដោយបញ្ជាក់ថា ស្ត្រីខាងលើពិតជាស្លាប់ដោយសារធ្លាក់ពីលើសំណង់ផ្ទះល្វែងប្រាកដមែន​ ដូច្នេះសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖