ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់ទិសដៅឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខសណ្តាប់

ចែករំលែក៖

ភ្នំពេញ៖ ស្របពេល ដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិជិតចូលមកដល់ និងដើម្បីឆ្លើយតបតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានចេញសេចក្តីជូនដំណឹង ឲ្យកងកម្លាំងគណៈបញ្ជាការឯកភាពគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ និងវិធានការរក្សាការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសទប់ស្កាត់កុំឲ្យកើតមានល្បែងស៊ីសង គ្រប់ប្រភេទ ។

ផែនការរបស់លោកអភិបាលខណ្ឌច្បារអំពៅនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានជំរុញឲ្យមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ហាមឃាត់ដាច់ខាតមិនឲ្យមានល្បែងស៊ីសង និងជំរុញដល់មន្ត្រីក្នុងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញពីការធ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ដាច់ខាតមិនឲ្យមានល្បែងស៊ីសងនៅតាមមូលដ្ឋាន ។

លោកបានរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់ តាមមូលដ្ឋានឲ្យបានល្អផងដែរ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់អស់លោក លោកស្រី ដែលមានភារកិច្ចនៅតាមមូល ដ្ឋានត្រូវចូលរួមសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងត្រូវថែរក្សាការពារ សន្តិសុខ ជុំវិញលំនៅឋាន ប្រជាពលរដ្ឋ កុំឲ្យមានបទល្មើសចោរកម្ម គាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា មួយរយៈនេះ ខណ្ឌច្បារអំពៅ ដែលលោក លោក ចេង មុនីរ៉ា ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានបង្ក្រាបបទល្មើស គ្រប់មុខសញ្ញាដែលធ្វើសកម្មភាពបង្កបទល្មើសក្នុងមូលដ្ឋានបានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏បានក្រើនរម្លឹកដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានច្បាស់លាស់ ក្នុងការកំណត់រថយន្តធុនធំចេញ និងចូលរាជធានីភ្នំពេញ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

សូមបញ្ជាក់បន្ថែមថា បញ្ហាសណ្តាប់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៏កំពុងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។

ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង អ្នកលក់ដូរកំពុងដាក់តាំងលក់ទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវជាតិលេខ១ ទោះបីជាអាជ្ញាធរខណ្ឌបានចុះទៅធ្វើកិច្ចសន្យាដោយទុករយៈពេល២សប្តាហ៍ឲ្យអ្នកលក់ដូលើចិញ្ចើមរុះរើចេញដោយខ្លួនឯងយ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ ចិញ្ចើមផ្លូវជាតិលេខ១ នៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ សណ្តោស


ចែករំលែក៖