ខេត្តកំពង់ធំ៖ ស្ត្រីវ័យ៤៧ឆ្នាំម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តតាកូម៉ាបើកលឿនដូចហោះបុកចំពីក្រោយ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលដែលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខប្លង់ដីរបស់ឈ្មោះ តុក គឹមយ៉ាន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកតាកូម៉ា ពណ៌បៃតង ស្លាកលេខ កំពង់ចាម2A.5026 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបររថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់ ។ អ្នកជិះកង់ឈ្មោះ ស៊ុន សុគាន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) មុខរបរ រើសអេតចាយ ។
មូលហេតុ បង្កឡើងអ្នកបើកបររថយន្តបើកបរមានល្បឿនលឿន និងមិនប្រកាន់គន្លងផ្លូវរបស់ខ្លួន ទៅបុកអ្នកជិះកង់ពីក្រោយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ មានកាងខាងមុខរថយន្តជាប់នឹងស្លាកលេខ កំពង់ចាម 2A.5026 ព្រមទាំងកង់ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី