ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ និងស្រាល៤នាក់ ខូចរថយន្ដទាំងសងខាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលមនុស្ស ៤នាក់ រងរបួសធ្ងន់ និងស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿង បើកបរ ក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង (សៀមរាប ទៅភ្នំពេញ) ស្រាប់តែមកដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ស៊េរី ២០១៤ ពណ៌ស បើកបរ ពីសៀមរាបទៅភ្នំពេញ ទំនង ងងុយដេក ងោកមួយភាំង ជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ដឹកកណ្តុរ ពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ប៉ើងធ្លាក់ផ្លូវ បង្កឲ្យភាគីរថយន្តកាមរី រងរបូសធ្ងន់២នាក់ និងស្រាលម្នាក់ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ របួសស្រាល ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានជួយគាស់ យកអ្នករបួស ដឹកទៅកាន់មន្ទីរពេទ្យភ្លាម បន្ទាប់មក គេឃើញសមត្ថកិច្ចជំនាញ បានចុះមកជួយសម្រួល ចរាចរណ៍ និងវាស់វែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ ម៉េង សាមុត ភេទប្រុស អាយុ៣២ឆ្នាំ ។ ២ ឈ្មោះ សេង យុទ្ធថន និង ទី៣ ឈ្មោះ ហេង យុវជនទាំងបីនាក់ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណេកម្ចាស់រថយន្តហ៊ីយ៉ាន់ដាយឈ្មោះ មឿន និល អាយុ៤៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយតាមក្រោយ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖