ខេត្តរតនគិរី៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងដើមបរ័ខាងក្រោយផ្ទះប្អូនបង្កើតរបស់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយចង់ទៅលេងផ្ទះកូននៅឆ្ងាយ ឯស្រុកកូនមុំ ត្រូវគេហាមមិនឲ្យទៅ ។
ហេតុការណ៍ចងកនេះបានកើតឡើងនៅវេលាម៉ោង ៩និង១៨ នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះលោកស្រី យ៉ែម ស្រីណុច ស្ថិតក្នុងភូមិសាយ៉ស់លើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ែម សីហា ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពថា មុនពេលកើតហេតុនៅវេលាម៉ោងប្រហែល ៨និង៤៥ នាទីយប់នោះ ជនរងគ្រោះបន្ទាប់ពីផឹកស្រាស្រវឹង ហើយក៏បានចូលសម្រាកនៅផ្ទះលោក យ៉ែម វាសនា ដែលត្រូវជាប្អូនបង្កើត ក្រោយពីបានចូលសម្រាកបន្តិច ជនរងគ្រោះក៏សុំប្អូន ( វាសនា) ថា ចង់ទៅលេងកូននៅស្រុកកូនមុំ តែប្អូនរបស់គាត់ប្រាប់ថា បងស្រវឹង ហើយចាំព្រឹកចាំទៅ ពេលនោះ ជនរងគ្រោះ ក៏បានដើរចេញមកក្រៅផ្ទះបាត់ឆឹងមួយសន្ទុះ រហូតដល់ម៉ោងប្រហែល៩យប់ ឈ្មោះ យ៉ែម វាសនា ដើរទៅបត់ជើង ក៏បានប្រទះឃើញជនរងគ្រោះ ចងក ក្រោមដើមប័រស្លាប់បាត់ទៅហើយ ។
ក្រោយពេលមានហេតុការណ៍បែបនោះ កើតឡើងសាច់ញាតិ ក៏រាយការណ៍ជូនសមត្ថកិច្ច ពេលនោះកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំកាឡែង បានចុះដល់កន្លែងកើតហេតុ ភ្លាមៗរួចបានពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពបានសន្និដ្ឋានថា ករណីនេះ ពិតជាករណី ធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យបងប្អូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័