ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ឥវ៉ាន់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍នៅចំណុចជាប់ផ្សារស្ទឹងមានជ័យថ្មី កាលពីម៉ោងជាង១រសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៩ នៅផ្ទះលេខ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្តះលេខ ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយ ក៏ឃើញមានអណ្ដាតភ្លើងចេញពីបន្ទប់ទឹក ភ្លាមៗគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀតបណ្ដាលឲ្យឆាបឆេះកាន់តែខ្លាំងឡើងៗ ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់ជួយអន្ដរាគមន៍តែម្ដង ។
ភ្លាមៗនោះដែរ គេឃើញវត្ដមានរបស់លោកម៉េង វិមានតារា អធិការខណ្ឌមានជ័យដឹកនាំកម្លាំងចុះទៅដលកន្លែងកើតហេតុនិងបានរាយការណ៍ទៅខាងរថយន្ដពន្លត់ជួយអន្ដរាគមន៍ផងដែ។
ក្នុងករណីអគ្គិភ័យនេះរថយន្ដចេញមកជួយបាញ់ពន្លត់ចំនួន១៤ គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពអគ្គិភ័យនេះបានទាំងស្រុង ។ ចំពោះសម្ភារខូចខាតមួយចំនួន ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ៕ ជ្រោយពេជ្រ