ព័ត៌មានទាន់ហេតុការណ៍៖

ឆេះទៀតហើយ! បន្ទាប់ពីឆេះចម្ការគ្រញូង ឥឡូវឆេះចម្ការកៅស៊ូម្ដង

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះព្រៃសហគមន៍ រាលដាលឆេះចម្ការកៅស៊ូ ក្រុមហ៊ុនកូរ៉េ (BNA) អស់៥៣០ហិចតា លើ៨០០ហិចតា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុច អូរជាំប្រាំង ភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានរាយការណ៍មកថា ម្ចាស់ក្រុមហ៊ុនឈ្មោះ bak byongkone ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ ។ មូលហេតុ បណ្តាលមកពី ភ្លើងឆេះព្រៃសហគមន៍ឆេះរាលដល់ចម្ការកៅស៊ូ ។

សមត្ថកិច្ចឲ្យដឹងថា ក្នុងហេតុការាណ៍នេះ គេបានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យចេញអន្តរាគមន៍ចំនួន៣គ្រឿង រថយន្តអគ្គិភ័យ នៃស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០១គ្រឿង ដោយ ប្រើប្រាស់ទឹកអស់ចំនួន០៧រថយន្តស្មើ២៨ម៉ែត្រគូបទើបរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្ត ។

ក្នុងនោះផងដែរមាន កម្លាំងចូលរួមចំនួន ២២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ត្រី ហៀង ហ៊ល ស្នងការរងអាវុធជាតិផ្ទុះ និងអគ្គិភ័យ (កម្លាំងអគ្គិភ័យខេត្ត៦នាក់ កម្លាំងអគ្គិភ័យស្រុក៤នាក់ កម្លាំងអន្តរាគមន៍អធិការ៤នាក់ កម្លាំងប៉ុស្តិ៍ ៤នាក់ និងកម្មករ៤នាក់) ទើបរលត់ជាស្ថាបពរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖