ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្នាននគរបាលក្រុងសៀមរាប បញ្ជូនជនសង្ស័យ៣នាក់ លួចឈូសឆាយដីព្រៃលិចទឹក ទៅខណ្ឌរដ្នបាលជនផលចាត់ការបន្ដ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលចុះបង្រ្កាបឃាត់ខ្លួន បន្ទាប់ពីលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក តំបន់៣ ដែលជាតំបន់ហាមឃាត់ ដោយប្រើត្រាក់ទ័រចំនួន២គ្រឿង ឈូសឆាយដីអស់ចំនួន៣ហិកតា ។

ហេតុការណ៍បង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ រហូតដល់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ អធិការដ្ឋាននគរបាលក្រុងសៀមរាបបានប្រគល់ ជនសង្ស័យ៣នាក់ទៅរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោក ណុប សារ៉ាក អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានការឯកភាពពីស្នងការនគបាលខេត្តសៀមរាប លោកអភិបាលក្រុងសៀមរាប លោកបានបញ្ជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្របីរៀល សហការលោកមេភូមិក្រសាំង ចុះបង្ក្រាបការឈូសឆាយទន្រ្ទានដីព្រៃលិចទឹក (ប្រើត្រាក់ទ័រ) នៅ ចំណុចដីព្រៃលិចទឹកតំបន់៣ ដែលជាតំបន់ហាមឃាត់់ ស្ថិតនៅត្រពាំងដំរីស្លាប់ ចន្លោះភូមិទទា និងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ជាលទ្ធផលឃាត់់បានត្រាក់ទ័រចំនួន២ គ្រឿងរបស់ ១.ឈ្មោះ អ៊ួម សំអឿង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប, ២ ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានឈូសដីព្រៃលិចទឹកអស់ចំនួន ០៣ហិចតា និង៣-ឈ្មោះ ហ៊ត់ ហោះ អាយុ៣៨ឆ្នាំ មុខរបរកសិករ (អ្នកបើកត្រាក់ទ័រឲ្យឈ្មោះចាន់ វិចិត) រស់នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ។

រហូតមកដល់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ លោកបានកសាងសំណុំរឿងប្រគល់ ជនសង្ស័យ៣នាក់ខាងលើទៅឲ្យ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីចាត់វិធានការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖